ភ្នំពេញ: នាថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពរួមគ្នាក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ វិមានកីឡដ្ឋាន ដែលជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកើតឡើងពីចំណងមិត្តភាព កម្ពុជា-ចិន ជាជំនួយឥតសំណងពីមិត្តចិន ដែលស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
វិមានកីឡដ្ឋាន បានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក។
ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ខាងមុខ ។ ឯកឧត្តម Wang Wentian បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលនៃចំណងមិត្តភាពកម្ពុជា-ចិនគឺវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នាពេលនេះ។
ឯកឧត្តមបានមានប្រសាន៍ថា នៅសល់តែ៥០២ថ្ងៃទៀត កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកីឡាស៊ីហ្គេម (SEA GAME 2023)លើកដំបូងនៅទីនេះ ពេលនោះអត្តពលិកដែលមកពីបណ្តាប្រទេសក្នុងអាស៊ីអាគ្នេយ៍នឹងជួបជុំគ្នានៅទីនេះ បង្ហាញនិងស្វែងយល់ពីជំនាញនៃវិស័យកីឡា ដែលនៅពេលនោះ ទាំងតំបន់អាស៊ី និងពិភពលោកនឹងចោលក្រសែភ្នែកមកលើកម្ពុជា ជឿជាក់ថាកម្ពុជានឹងអាចធ្វើឲ្យការប្រកួតកីឡានេះ ក្លាយជាព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យ ដែលបង្ហាញពីមុខមាត់ជាតិ លើកកម្ពស់ការអភិវឌ្ឍន៍ជាតិ និងជំរុញស្មារតីប្រជាជាតិ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលតែងតែជួយមកដល់ប្រទេសកម្ពុជា។
សម្ដេចតេជោបានថ្លែងអំណរព្រះគុណដល់ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ដែលព្រះអង្គបានផ្ដើមកសាងទំនាក់ទំនងដ៏ល្អជាមួយប្រទេសចិន ហើយបានបន្សល់ទុកនូវកេរមរតកទំនាក់ទំនង រវាងប្រទេសទាំងពីរដល់កូនចៅជំនាន់ក្រោយ។
សម្ដេចតេជោ បានថ្លែងថា សមិទ្ធផលពហុកីឡដ្ឋានជាតិដែលកម្ពុជាទទួលបាននាពេលនេះ មិនធំធេងដល់ជម្រៅចិត្តរដ្ឋាភិបាលនិងប្រជាជនចិនផ្ដល់ជូនកម្ពុជានោះទេ។ សម្ដេចតេជោបានផ្ដាំផ្ញើតាមរយៈអគ្គរដ្ឋទូតចិន ដើម្បីថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន សម្រាប់ទឹកចិត្តដ៏ធំធេងក្នុងការផ្ដល់ជំនួយដល់កម្ពុជានាពេលនេះ។
ទាក់ទងទៅនឹងបញ្ហាជំងឺកូវីដ-១៩ សម្ដេចតេជោបានបន្តជំរុញឲ្យបន្តចាក់វ៉ាក់សាំងដល់ការជាពលរដ្ឋកម្ពុជា ជាពិសេសមនុស្សចាស់ និងកុមារ ព្រោះជំងឺកូវីដ-១៩ មិនទាន់ចប់ទេ។
សម្ដេចតេជោបន្តអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរកុំមានការភ័យស្លន់ស្លោខ្លាំងពេកជាមួយនឹងមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី អូមីក្រុង គេត្រូវតែអនុវត្តវិធានការការពារជាប់ជានិច្ច។ សម្តេចតេជោ ហ៊ុន សែន អរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមអបអរសាទរនូវសមិទ្ធផលជាតិដ៏ធំនាថ្ងៃនេះ និងជូនពរឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕