(ខេត្តកំពត)៖ យ៉ាងហោចណាស់ក៏មានមនុស្ស៥នាក់បានស្លាប់បាត់បង់ជីវិត និង៦នាក់ទៀតរងរបួសធ្ងន់ ដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ ខណៈរថយន្តដឹកដែកបែកកង់មុខ ហើយរេចង្កូតទៅបុករថយន្តសាមយ៉ុងដឹកអ្នកដំណើរ ក្នុងទិសដៅផ្ទុយគ្នា។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចភូមិបឹងទូក សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត លើកំណាត់ផ្លូវជាតិលេខ៣ កំពត-ព្រះសីហនុ។
យោងតាមប្រភពព័ត៌មានដែលទទួលបានពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយកើតឡើង ដែលបង្កឡើងដោយរថយន្តដឹកដែក ពាក់ស្លាកលេខ ព្រះសីហនុ 3A-8518 បើកបរមកពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុរថយន្តនោះក៏បែកកង់មុខផ្នែកខាងឆ្វេងហើយរេចង្កូតទៅផ្នែកខាងស្តាំ ទើបជ្រុលទៅបុកជាមួយរថយន្តសាមយ៉ុងដឹកអ្នកដំណើរដែលធ្វើដំណើរមកពីកើតទៅលិចក្នុងទិសដៅផ្ទុយគ្នា បណ្តាលឱ្យមានអ្នកស្លាប់នៅកន្លែងកើតហេតុ៤នាក់ និងរបួសធ្ងន់ចំនួន៧នាក់។
ប្រភពបានបញ្ជាក់ផងដែរថា ក្រោយពីកើតហេតុភ្លាមៗសមត្ថកិច្ចបានចុះមកអន្តរាគមន៍ ដោយឃាត់ខ្លួនអ្នកបើកបររថយន្តបង្កទៅកាន់អធិការដ្ឋាននគរបាលក្រុងបូកគោដើម្បីសួរនាំ និងបានដឹកបញ្ជូនអ្នករងរបួសទាំង៧នាក់ទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែក្នុងចំណោមនោះដោយសារស្ថានភាពរបួសធ្ងន់ធ្ងរ ក៏មានជនរងគ្រោះម្នាក់ទៀតបានស្លាប់ពេលដឹកមកដល់មន្ទីរពេទ្យ ដែលតួលេខអ្នកស្លាប់មានចំនួន៥នាក់ហើយ និងអ្នករបួសធ្ងន់មានត្រឹមតែ៦នាក់ ហើយក្នុងករណីនេះ សមត្ថកិច្ចកំពង់ស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះផងដែរ។
ក្រោយពីវាស់វែង សមត្ថកិច្ចបាននាំយកមធ្យោបាយពាក់ព័ន្ធទៅរក្សាទុកនៅអធិការដ្ឋានក្រុងបូកគោ។ រីឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តរលួស ក្នុងសង្កាត់បឹងទូក ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕