ភ្នំពេញ៖ នាឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ដែលមានការចូលរួមប្រជុំផ្ទាល់ និងតាម រយ:ប្រពន្ធ័ Zoom ជាលក្ខណៈHybrid ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការវាយតំលៃខ្ពស់ចំពោះរាល់ភារកិច្ចការងារ ដែលបណ្តាអគ្គនាយកដ្ឋានទាំង៥ចំណុះឲ្យក្រសួងព័ត៌មាន សម្រេចអនុវត្តន៍បានក្នុងពេលកន្លងមកនេះ ជាពិសេស អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជាទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដែលបានប្រឹងប្រែងផលិតកម្មវិធី និងផ្សាយព័ត៌មានថ្មីៗទាន់ហេតុការណ៍ ជូនដល់សាធារណជនបានជ្រាបក្នុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ។
អ្វីដែលសំខាន់ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ដែលប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ បានផ្សាយនោះគឺប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលេីកពីប្រធានការណ៍នានាក្នុងការចូលរួមបង្ការការពារទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩។
ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំតាមបណ្តាអគ្គនាយកដ្ឋានទាំង៥ចំណុះឲ្យក្រសួងព័ត៌មាន ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការងារតាមជំនាញនីមួយៗ បានធ្វើរបាយការណ៍ ជម្រាបជូនពីវឌ្ឍនភាពការងារសំខាន់ៗ ដែលសម្រេចអនុវត្តន៍ក្នុងពេលមកនេះ ដោយបានផ្សាយពីទិដ្ឋភាព ដើរលេងកំសាន្តរបស់ប្រជាពលរដ្ឋនៅ តាម តំបន់រម្មណីយដ្ឋានទេសចរណ៍នានា ពិសេសព្រឹត្តការណ៏របស់ជាតិសំខាន់ៗកើតមានឡើង ក្នុងនោះបានផ្សាយពីមានការឆ្លើយបំភ្លឺរបស់ព្រះរាជាណាចក្រ កម្ពុជា ទៅនឹងសារព័ត៌មាន បរទេសមួយចំនួនដូចជា The Guardian និង The Washington Post បានផ្សាយនូវលទ្ធផលនៃការស្រាវជ្រាវមួយ ក្នុងនោះក៏មានព័ត៌មានបំផ្លើសខុសពីការពិត ដែលបានចោទប្រកាន់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មានលិខិតឆ្លងដែននៃសាធារណរដ្ឋស៊ីប ។ ជាការឆ្លើយតបនេះក៏មានការចេញញាត្តិគាំទ្រជាច្រើន និងបានច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់បំផ្លេីស ការពិតចំពោះ នាយករដ្ឋមន្ត្រីកម្ពុជាថាមានលិខិតឆ្លងដែន នៃសាធារណរដ្ឋស៊ីបឬមានសញ្ជាតិស៊ីប។
ទន្ទឹមនេះប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិក៏បានផ្សាយយ៉ាងទូលំទូលាយ ពីគំនិតផ្តួចផ្តើម ប្រកបដោយគតិបណ្ឌិតឈ្លាសវៃដ៏ខ្ពង់ខ្ពស់ និងស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធនានា ដើម្បីកំណត់ឲ្យឥស្សរជនដែលកាន់មុខតំណែងជា ប្រធានព្រឹទ្ធសភា ប្រធាន រដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមាន «សញ្ជាតិខ្មែរ តែមួយ គត់»។ គំនិតផ្តួចផ្តើមនេះគឺធានាទាំងខាងផ្លូវច្បាប់ និងនយោបាយ ឲ្យ មេដឹកនាំថ្នាក់កំពូលរបស់ជាតិកម្ពុជា ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់និងភក្តីភាព ចំពោះជាតិ មាតុភូមិកម្ពុជា ដើម្បីតម្កល់ផលប្រយោជន៍រយៈពេល វែងសម្រាប់ ប្រទេសកម្ពុជាផង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះជោគវាសនារបស់ ប្រទេសជាតិ និងសុខមាលភាពប្រជាជនផង ព្រមទាំងបញ្ចៀស និងប្រឆាំងដាច់ខាតនូវការជ្រៀតជ្រែកពីសំណាក់បរទេសខាងក្រៅ ចូលមកក្នុងកិច្ចការដឹកនាំប្រទេសកម្ពុជា៕