(កំពង់ចាម)៖ ពីរនាក់ប្ដីប្រពន្ធមួយគូ ត្រូវបានខ្មាន់កាំភ្លើងចូលបាញ់ប្រហារដល់ក្នុងផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ បណ្ដាលឲ្យប្រពន្ធស្លាប់ភ្លាមៗ ខណៈប្ដីរបួសធ្ងន់។ ហេតុការណ៍នេះ កើតឡើងនៅភូមិទន្សោងស្លាប់ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
សេចក្ដីរាយការណ៍ជំហ៊ានដំបូងពីកន្លែងកើតហេតុ បានឲ្យដឹងថា ដើមឡើងគេឃើញជនសង្ស័យម្នាក់ចុះពីរថយន្ដមួយគ្រឿង ដើរចូលផ្ទះរបស់ជនរងគ្រោះ ក្រោយមកស្រាប់តែលើសំឡេងស្នូរកាំភ្លើងផ្ទួនៗជាច្រើនគ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ ក្រោយមកទើបដឹងថា ស្នូរកាំភ្លើងផ្ទួនៗនោះ បានបណ្ដាលឲ្យស្ដ្រីម្នាក់ស្លាប់ និងប្ដីរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ដោយឡែក ខ្មាន់កាំភ្លើងបានគេចខ្លួនបានក្រោយធ្វើសកម្មភាព។
បច្ចុប្បន្នកម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម បានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវតាមនីតិវិធី៕