នាថ្ងៃអង្គារ ១២កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ៩ ខែ សីហា ឆ្នាំ២០២២ កម្លាំងប៉ុស្ដិ៍តាខ្មៅ សហការជាមួយកម្លាំងប៉ុស្ដិ៍ដើមមៀន បានឃាត់ខ្លួនជនសង្ស័យមួយរូប ពីបទករណីសង្ស័យថាបានលួចម៉ូតូកង់ឥណ្ឌា និងឈានទៅដល់ រកឃើញមានថ្នាំញៀនចំនួន០៩កញ្ចប់ បន្ថែមទៀត ។
ហេតុការណ៍នៃការលួចកង់បីឥណ្ឌានេះកើតឡើង កាលពីថ្ងៃទី០៧ សីហា ២០២២ វេលាម៉ោង០២:០០នាទី នៅលើផ្លូវលេខ១០៧ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្កណ្ដាល។ ម្ចាស់ម៉ូតូកង់បីឥណ្ឌា ជារងគ្រោះ១នាក់ ឈ្មោះ ព្រឹម សាវ៉ាន់ ភេទប្រុស អាយុ៣៦ឆ្នាំ សញ្ជាតិខ្មែរ ទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកកង់បីឥណ្ឌា របស់ជនរងគ្រោះ ម៉ាក BAJA ពណ៌ស សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ កំពង់ចាម 1S-6367។
សេចក្តីរាយការណ៍អោយដឹងថា កាលពីថ្ងៃទី០៧ខែសីហាឆ្នាំ២០២២ វេលាម៉ោង០២និង០០នាទីរំលងអធ្រាត ជនរងគ្រោះបានចតកង់បីឥណ្ឌារបស់ខ្លួននៅលើផ្លូវលេខ១០៧ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដោយមូលហេតុ កង់បីរបស់ខ្លួនខូច លុះព្រឹកឡើងទៅរកពុំឃើញ ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍តាខ្មៅ ហើយបានឆែកកាំមេរ៉ា មើលឃើញមានជនសង្ស័យចំនួន ០៣ នាក់បានធ្វើសកម្មភាពលួចកង់បី ហើយជនសង្ស័យបានគេចខ្លួនបាត់។
រហូតដល់ថ្ងៃទី០៩ខែសីហា ឆ្នាំ២០២២ កម្លាំងប៉ុស្ដិ៍តាខ្មៅបានសហការជាមួយកម្លាំងប៉ុស្ដិ៍ដើមមៀនបានឃាត់ខ្លួនជនសង្ស័យនិងឆែកឆេររកឃើញមានថ្នាំញៀនចំនួន០៩កញ្ចប់ រួចក៏បាននាំយកមកប៉ុស្ដិ៍ដើម្បីសាកសួរ ។
ជនសង្ស័យមានគ្នា ០៣ នាក់ ដែលក្នុងនោះ សមត្ថកិច្ចឃាត់ខ្លួនបានចំនួនពីររូប រួមមាន ៖
១.ឈ្មោះ ម៉ាត រ៉ាយ៉ា ហៅមាន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម ទីលំនៅស្នាក់នៅលើទូក ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
២.ឈ្មោះ សុះ អាកាសាស់ ហៅហើម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម
ទីលំនៅ ភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
ចំណែកជនសង្ស័យទី ៣.ឈ្មោះ ឧត្ដម ភេទប្រុស មិនស្គាល់ទីលំនៅ បានគេចខ្លួន ។
ក្នុងសកម្មភាពបង្ក្រាប សមត្ថកិច្ចបានដកហូត នូវម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន០៩កញ្ចប់តូច, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០១, កាបូបលុយពណ៌សូកូឡាចំនួន០១ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកង់បីឥណ្ឌារបស់ជនរងគ្រោះ ហើយបានយកទៅលក់នៅម្ដុំព្រែកឯង បានលុយចំនួន២០ម៉ឺនរៀល ។
បច្ចុប្បន្ន សមត្ថកិច្ចប៉ុស្តិ៍នគរបាលតាខ្មៅបានបញ្ជូនមកផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕