ខេត្តកណ្តាល៖ នៅវេលាម៉ោង១៧:៤០នាទីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ នៅចំណុចកាស៉ីណូ យីហោ «កាឡាក់ស៉ី» ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មានករណីដ៏ភ្ញាក់ផ្អើល បន្ទាប់ពីបែកធ្លាយករឿងហិង្សា ដែលបង្កដោយបុរសជនជាតិវៀតណាម មានតួនាទីជាម្ចាស់សង្វៀនជល់មាន់ បានប្រើហិង្សាវាយជនជាតិខ្មែរ ចំនួនពីរនាក់ បណ្តាលឲ្យរបួស និងបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។
ហេតុការណ៍ដ៏រញ៉េរញ៉ៃមួយនេះបានកើតឡើង បន្ទាប់ពីជនសង្ស័យនិងជនរងគ្រោះ ប្រកែកគ្នារឿងចចារយកមាន់ពីវៀតណាម មកជល់ រួមនឹងរឿងលុយដែលខ្ចីគ្នាចំនួន ១លានរៀល ហើយប្រកែករហូតដល់តឹងសរសៃក ដាក់គ្នា ទើបឈានដល់ការប្រើហិង្សា វាយក្បាលគ្នាផ្អើលដល់សមត្ថកិច្ច។
ជនដៃដល់មានឈ្មោះ ង្វៀង ប៊ិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិឃុំកេីតហេតុ មុខរបរ មេការកាស៉ីណូ រួមនឹងបក្សពួកប្រមាណជា ៧-៨នាក់ បានប្រើហិង្សាវាយជនជាតិខ្មែរ ដែលគេដឹងថាជាម្ចាស់សង្វៀនជល់មាន់ប្រចាំស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះទាំងពីរនាក់មានឈ្មោះ ទី១- ស្រៀ ហុង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល និងទី២- ឈ្មោះ ម៉ុន វណ្ណា ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ប្រភពព័ត៌មាន ដែលសារព័ត៌មានទទួលបាន បញ្ជាក់ថា៖ ជនជាតិខ្មែរ ដែលជាជនរងគ្រោះគឺជាម្ចាស់សង្វៀនជល់មាន់ ប្រចាំស្រុកស្អាង ខេត្តកណ្តាល។ ហើយករណីនេះគេសង្ស័យថា ប្រហែលជាផ្ដើមចេញពីការលេងល្បែងចាញ់ ជំពាក់លុយ និងកុងគ្នារឿងបើកលេងល្បែងស៊ីសងជល់មាន់។
ចំពោះករណីហិង្សានេះ ជនដៃដល់ ហើយនិងជនរងគ្រោះ ក៏បានអួតអាង ដំឡើងស្លាបនិងគំរាមកំហែងដាក់គ្នា ដោយបោះពាក្យសម្ដីថាខ្លួនមានមេរបស់ខ្លួនប្រចាំស្រុកកោះធំ ហើយម្ខាងទៀតប្រចាំស្រុកស្អាង។ តែរហូតមកទល់ពេលនេះនៅមិនទាន់មានមេធំណាម្នាក់ហ៊ានចេញមុខមកដោះស្រាយនោះទេ។
យ៉ាងណាមិញ មហាជនជាច្រើន បានលើកឡើងថា ករណីនេះគឺផ្ដើមចេញពីការលេងល្បែងភ្នាល់ ទើបបណ្តាលឲ្យមានការខ្ចីលុយ ជំពាក់លុយមិនសងទើបឈានដល់វាយតប់គ្នា។
បច្ចុប្បន្ន ជនដៃដល់ត្រូវបានសមត្ថកិច្ចស្រុកកោះធំឃាត់ខ្លួន និងកសាងសំណុំរឿងបញូនមកស្នងការនគរបាលខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕