ខេត្តកណ្ដាល៖ បន្ទាប់ពីទទួលរងនូវទឹកភ្លៀងជាបន្តបន្ទាប់ បានបណ្ដាលឲ្យតំបន់មួយចំនួននៅក្នុងក្រុងតាខ្មៅរងការជន់លិច ពិសេសត្រង់កំណាត់ផ្លូវជាតិលេខ២១B ចាប់ពីចំណុចរង្វង់មូលលោកតាខ្មៅ ដល់ស្តុបកបាទក្រហមខេត្ត នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យតាមស្ថានីយបូមទឹក និងតំបន់មួយចំនួនដែលរងការជន់លិចដោយទឹកភ្លៀង នៅក្នុងក្រុងតាខ្មៅ។
មានប្រសាសន៍ នាឱ្យកាសចុះពិនិត្យនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់មន្ត្រីជំនាញ អាជ្ញាធរក្រុងតាខ្មៅ ពិសេសមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្ត ត្រូវចុះស្ដារប្រព័ន្ធលូទាំងអស់ ដែលធ្វើឲ្យកកស្ទះចរន្តបង្ហូរទឹក បណ្ដាលឱ្យជន់លិចតំបន់មួយចំនួន ពិសេសកំណាត់ផ្លូវជាតិលេខ២១B ដែលជាផ្លូវមានសារៈសំខាន់សម្រាប់ខេត្តកណ្ដាល ក៏ដូចជាក្រុងតាខ្មៅទាំងមូលផងដែរ។ ជាងនេះទៀតគ្រប់ស្ថានីយបូមទឹកទាំងអស់ ត្រូវដំណើរការបូមទឹកដើម្បីរំដោះទឹកក្នុងក្រុងតាខ្មៅឲ្យអស់។
ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យពិភាក្សាវាយតម្លៃអំពីផលប៉ះពាល់ ដើម្បីរកមធ្យោបាយដោះស្រាយ កែលម្អប្រព័ន្ធលូដោះទឹក ប្រឡាយ ឲ្យមានភាពប្រសើរឡើងវិញ។ ជាងនេះទៀត មន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្ត ត្រូវសិក្សាស្ដាយអាងរំដោះទឹកទី១ និងទី២ ក្នុងក្រុងតាខ្មៅ ដើម្បីសម្រួលដល់ការរំដោះទឹកឱ្យបានរហ័ស ដើម្បីបញ្ចៀសនូវការជន់លិចផងដែរ។
សូមបញ្ជាក់ផងដែរថានៅល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ភ្លៀងបានធ្លាក់មួយមេធំបណ្ដាលឱ្យទីកន្លែងមួយចំនួនក្នុងក្រុងតាខ្មៅ ត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀងផងដែរ។