(ខេត្តកំពត)៖ នៅឆ្នាំ២០២០កន្លងទៅ លទ្ធផលការងាររបស់រដ្ឋបាលខេត្តកំពតមានលក្ខណៈល្អប្រសើរលើគ្រប់វិស័យ និងផ្នែកដទៃទៀត ដោយសារមានការចូលរួមសហការគ្នាបានល្អ។ ហើយជាទិសដៅនៅឆ្នាំ២០២១នេះ អភិបាលខេត្តកំពត ណែនាំ និងដាក់ទិសដៅ ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនពង្រឹងសកម្មការងារឲ្យមានប្រសិទ្ធភាពទ្វេរដងថែមទៀត ។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តលើកទី៣២ និង ធ្វើការបូកសរុបលទ្ធផលការងារ ប្រចាំ ត្រីមាសទី៤ ឆ្នាំ២០២០ នាសាលាខេត្ត កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ អភិបាលខេត្តកំពត លោក ជាវ តាយ បានមានប្រសាសន៍ថា សកម្មភាពការងារបម្រើពលរដ្ឋដូចជា ការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ ការងារអភិវឌ្ឍន៍ ការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម សុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្ត និងសន្តិសុខនៅជាប់ព្រំដែនខេត្តកំពត និងខេត្តគៀនយ៉ាង(កម្ពុជា-វៀតណាម ) មានលក្ខណៈល្អប្រសើរគួរឲ្យកត់សំគាល់ និងថាការងារសំខាន់ នៅចំពោះមុខ សម្រាប់ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពតត្រូវតែបន្តបង្កើនពង្រឹង សកម្មភាពការងារ ឲ្យមានប្រសិទ្ធភាពទ្វេរដងបន្ថែមទៀត។
លោក ជាវ តាយ អភិបាលខេត្តបានបញ្ជាក់ថា ដើម្បីផ្ដល់ភាពកក់ក្ដៅ និងបង្កើនជំនឿចិត្តចំពោះប្រជាពលរដ្ឋបន្តទៀត លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោហ៊ុន សែន ជាប្រមុខនៅឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពត បានកំណត់ទិសដៅ ការងារភារកិច្ចជាច្រើន សម្រាប់អនុវត្តបន្ត ទាំងការងារបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ការងារគ្រប់គ្រងគ្រោះមហន្តរាយ ការរៀបចំវេទិការសាធារណៈស្ដីពីការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ការងារដោះស្រាយបញ្ហា សំណូមពរតម្រូវការ ភាពខ្វះខាតចាំបាច់ របស់ប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ពិសេសបន្តបង្កើនការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ មុននឹងឈានដល់ការអនុវត្តច្បាប់។
លោកអភិបាលខេត្តបានបន្តក្រើនរំលឹកដល់ អាជ្ញាធរ សមត្ថកិច្ចជំនាញ ចាប់ពីពេលនេះទៅ ត្រូវបង្កើន និងពង្រឹងសកម្មភាពការងារ ឲ្យបានសស្រាក់សស្រាំ និងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត ប្រាជ្ញាស្មារតី ពិសេសការចូលរួម រក្សាឲ្យបានល្អប្រសើរថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយធ្វើការផ្សព្វផ្សាយដល់មូលដ្ឋាន ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានភាពសុខសាន្ត៕