(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរំលឹកជាថ្មីដល់អ្នកសារព័ត៌មានទាំងអស់ កុំទៅថតយកព័ត៌មាន នៅក្នុងដែនសមត្ថកិច្ច របស់អាជ្ញាធរដែលហាមឃាត់ ពេលកំពុងបំពេញកិច្ចការងារ ព្រោះខុសវិជ្ជាជីវៈសារព័ត៌មាន។
លោករដ្ឋមន្ត្រីបន្តថា បើអ្នកសារព័ត៌មាននៅតែមិនស្តាប់ការហាមឃាត់នោះទេ សមត្ថកិច្ចមានសិទ្ធិ ចាប់ឃាត់ខ្លួនអ្នកសារព័ត៌មាន ពេលនោះតែម្តង។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានណែនាំឲ្យអ្នកសារព័ត៌មានទាំងអស់ ត្រូវយល់ឲ្យបានច្បាស់ពីកិច្ចការងាររបស់ខ្លួន ដោយកុំគិតថាខ្លួនជាអ្នកសារព័ត៌មាន មានសិទ្ធិថតបានគ្រប់ទីកន្លែង គឺត្រូវយល់ពីការងាររបស់សមត្ថកិច្ច។
ការក្រើនរំលឹករបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានយ៉ាងដូច្នេះ ធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ ជាមួយថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានទាំង៥របស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២១នេះ។
សូមជម្រាបថា លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ជាញឹកញយតែងតែ ក្រើនរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ ឲ្យគោរពវិជ្ជាជីវៈសារព័ត៌មាន ដោយកុំរំលោភសិទ្ធិអ្នកដទៃ និងត្រូវសហការជាមួយសមត្ថកិច្ច នៅពេលចុះទៅថតយកព័ត៌មាន ជៀសវាងប៉ះពាល់ដល់ប្រតិបត្តិការ របស់អាជ្ញាធរមានសមត្ថកិច្ច៕