(កំពង់ចាម) :នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ពិធីនេះក៏មានការអញ្ជើញជាអធិបតី ពីឯកឧត្តម លូ គឹមឈុន ប្រធានក្រុមការងារគណបក្សចុះជួយស្រុកស្រីសន្ធរ និងក្រុមការងារ និងដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការ គណបក្សខេត្ត សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បក្សខេត្ត លោកជំទាវអ្នកតំណាងរាស្ត្រ ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សនៅថ្នាក់មូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្នុងពិធីសំណេះសំណាលនោះផងដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានលើកឡើងពីការពង្រឹងបង្កើនសមាជិកគណបក្ស ដោយឯកឧត្តមលើកឡើងថា “សូមមន្ត្រីគណបក្សគ្រប់ថ្នាក់ ប្រកាន់យកគោលការណ៍” រក្សាចាស់ បង្កើតថ្មី ” សូមរក្សាសមាជិកបក្សចាស់ឲ្យបានល្អ បន្តគៀងគរ ពង្រឹង ពង្រីកសមាជិកថ្មី និងសមាជិកមកពីគណបក្សផ្សេងៗ ឲ្យមករួមជីវភាពនយោបាយជាគណបក្សប្រជាជនកម្ពុជា បន្តកសាងនូវអំពើល្អ និងបន្តខិតខំដោះស្រាយនូវរាល់បញ្ហាប្រឈមនានាប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសបង្កើនការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។
ឯកឧត្តមបន្តទៀតថា ហើយសមិទ្ធផលថ្មីៗ ដែលបានលេចរូបរាងឡើងជាបន្តបន្ទាប់ គឺកត្តាប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំប្រកបដោយកិត្តិបណ្ឌិត៕