នារសៀលថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទៅកាន់ប្រទេសអូស្ត្រាលីចំនួន២៥ រូប ។
ក្នុងជំនួបសំណេះសំណាលដែលប្រកបដោយបរិយាកាសស្និទ្ធស្នាលនេះ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ និងអបអរសាទរដល់ជ័យលាភីទាំងអស់ ព្រមទាំងផ្ដល់អនុសាសន៍ក៏ដូចជាចែករំលែកបទពិសោធន៍ការសិក្សា និងការរស់នៅក្នុងពេលសិក្សានៅក្រៅប្រទេសជាមួយបេក្ខភាពជ័យលាភីអាហារូបករណ៍ដើម្បីជាទន់បន្ថែមសម្រាប់ការចេញទៅសិក្សាក្រៅប្រទេស។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានផ្ដល់ជាការណែនាំដល់និស្សិតដែលទទួលបានជ័យលាភីទាំងអស់បន្តខិតខំប្រឹងប្រែងក្រេបយកចំណេះដឹង និងទទួលបានកាន់តែច្បាស់ពីជំនាញដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួន និងសម្រេចបានគោលដៅទៅថ្ងៃអនាគត។
ជាចុងក្រោយឯលឧត្តមបានជូនពរដល់និស្សិតទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការសិក្សា ក៏ដូចជាជោគជ័យគ្រប់ភារកិច្ចការងារ និងធ្វើដំណើរប្រកបដោយសុវត្ថិភាព ជាពិសេសសូមបង្កើនការប្រុងប្រយ័ត្ននៃការរីករាលដាលវីរុសកូវីដ-១៩ បម្លែងថ្មីនៅពេលបន្ដការសិក្សានៅក្រៅប្រទេស។