(ខេត្តកំពត)៖ មន្ត្រីថ្នាក់ដឹកនាំក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការងារបរិស្ថាន ជាកិច្ចការដែលត្រូវបានពិភពលោកកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយអ្នកពាក់ព័ន្ធទាំងអស់ ក្នុងក្របខណ្ឌ សហគមន៍ -សង្គមជាតិ -តំបន់ និងពិភពលោក ត្រូវបន្តចូលរួមពង្រឹង ប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ ព្រោះបរិស្ថានល្អរក្សាបាននូវសុវត្ថិភាពនៃភពផែនដី វឌ្ឍនភាពសង្គម និងការរស់នៅដោយចីរភាព។
ថ្លែងនៅក្នុងពិធិទិវាបរិស្ថានជាតិ បរិស្ថាន ពិភពលោក ០៥មិថុនាឆ្នាំ ២០១៩ ក្រោមប្រធានបទ « ការបំពុលខ្យល់» ដែលរដ្ឋបាលខេត្តក្រោមការៀបចំដោយមន្ទីរបរិស្ថានខេត្តកំពតនៅព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាអនុវិទ្យាល័យឌីប៉ុកមហាសាមគ្គីក្រុងកំពតខេត្តកំពត លោក សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការប្រារព្ធទិវាបរិស្ថានជាតិ បរិស្ថាន ពិភពលោក ៥មិថុនា តែងត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងអំពីភាពចាំបាច់និងសារប្រយោជន៍នៃកិច្ចគាំពារបរិស្ថាន ការអភិរក្ស ជីវៈចម្រុះនិងការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្រប សំដៅកែប្រែផ្នត់គំនិតនិងឥរិយាបថមហាជនគ្រប់មជ្ឈដ្ឋានឱ្យទៅជាកម្លាំងចលករ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រងធនធានធម្មជាតិនៅលើភពផែនដីស្របទៅតាមទស្សនាទាន«ការអភិវឌ្ឍដោយចីរភាព»។
លោក សូត យា អនុរដ្ឋលេខាធិការ ក៏បានបញ្ជាក់ថា សព្វថ្ងៃនេះកម្ពុជា និងពិភពលោក កំពុងប្រឈមបញ្ហាបរិស្ថានចម្បងៗមានអាទិ៍ ការកើនឡើងកំដៅផែនដី-គ្រោះរាំងស្ងួតនិងទឹកជំនន់-ការបាត់បង់ព្រៃឈើនិងជីវៈចម្រុះ-កង្វះទឹកស្អាតនិងថាមពល-ជម្ងឺឆ្លងនិងសន្តិសុខស្បៀងជាដើម។
ដូចនេះនៅចំពោះមុខនេះ រាជរដ្ឋាភិបាល កម្ពុជាមិនបានព្រងើយកន្តើយដោយបានប្រកាន់ខ្ជាប់នូវជំហរថែរក្សាការពារបរិស្ថាន និងអភិវឌ្ឍន៍ដោយចីរភាព ឆ្លើយតបបានទៅនឹងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិនៃ បម្រែបម្រួលអាកាសធាតុកម្ពុជា២០១៤-២០២៣ ក្នុងចក្ខុវិស័យគាំទ្រកម្ពុជាអភិវឌ្ឍឆ្ពោះទៅសង្គមមួយបៃតង ដែលបញ្ចេញកាបូនិកធន់នឹងការប្រែប្រួលអាកាសធាតុ សមធម៌ ចីរភាព និងដោយពឹងផ្អែកលើចំណេះដឹងជាគោល ដើម្បីជាត្រីវិស័យតម្រង់ទិសសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។
នៅឱកាសនោះដែរលោក ស៊ឹម វុទ្ធា អភិបាលរងខេត្ត ក្នុងនាមរដ្ឋបាលខេត្តក៏បានមានប្រសាសន៍អំពាវនាវប្រជាពលទូទៅ សូមឱ្យមានការចូលរួមទាំងអស់គ្នាក្នុងកិច្ចគាំពារ បរិស្ថាននិងជីវៈចម្រុះ ថែរក្សាសោភ័ណភាព អនាម័យ បរិស្ថាន ឱ្យមានសភាពស្រស់ស្អាតសមជាខេត្តទេសចរណ៍ទំនើបមួយពិសេសក្នុងក្រុងកំពត ត្រូវតែស្អាតឱ្យសមជាទីក្រុងគំរូ ព្រោះបរិស្ថានបៃតង់ល្អស្អាតរក្សាបាននូវសុវត្តិភាព វឌ្ឍនភាព និងភាពរស់នៅដោយ សុខដុមរមនា៕