កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ ព្រះមុនីសីលសោភ័ណ សិរីបុញ្ញោ សយ ចាន់ថន រាជាគណថ្នាក់កិត្តិយសទីប្រឹក្សាព្រះមេគណខេត្ត និងជាព្រះគ្រូចៅអធិការ វត្តខ្មែរពុទ្ធភូមិជាយដែនសីមារាម បានផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគសរុបចំនួន ១០០ ឃីត ដល់ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព(ស.ស.យ.ស) ដើម្បីទុកសម្រាប់យកទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតពិតប្រាកដ ។
សម្ភារៈនៅក្នុង ១ ឃីត រួមមាន ៖ អង្ក, មីកញ្ចប់ និងកំប៉ុង, ទឹកក្រូច, ទឹកផ្លែឈើ, ទឹកត្រី, ប្រេងឆា, ស្កស, អំបិល, ថ្នាំដុះធ្មេញ, ច្រាសដុះធ្មេញ និងសាប៊ូ ។
សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព(ស.ស.យ.ស) សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះមុនីសីលសោភ័ណ សិរីបុញ្ញោ សយ ចាន់ថន រាជាគណថ្នាក់កិត្តិយសទីប្រឹក្សាព្រះមេគណខេត្ត និងជាព្រះគ្រូចៅអធិការ វត្តខ្មែរពុទ្ធភូមិជាយដែនសីមារាម ។
ក្នុងនាមក្រុមការងារសមាគម លោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការ នៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធាន សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន រួមនឹងក្រុមការងារ សូមជូនពរព្រះអង្គមានព្រះសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ និងទទួលបាននូវពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕