កំពង់ចាម ៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម រួមជាមួយ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ស្ថាប័ននានា ក្នុងខេត្ត អញ្ជើញចូលរួមក្នុងពិធីរំឭក ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ៧ឆ្នាំ។ ដែលពិធីដ៏មានអត្ថន័យនេះ បានរៀបចំនៅសាលសន្និសីទ សាលាខេត្ត នាព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នេះ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ថ្ងៃនេះ យើងទាំងអស់គ្នា បានមកជួបជុំគ្នា ដើម្បី ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាទីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានយាងចូលទីវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ពោលគឺ អស់រយៈកាល ៧ ឆ្នាំកន្លងទៅហើយ ។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត លើកឡើងថា នឹកឃើញដល់ថ្ងៃនោះ ប្រជានុរាស្ត្រ ទូទាំងនគរ បានសម្តែងនូវភាពតក់ស្លុត និងការសោកស្តាយជាពន់ពេក ប្រៀបបានទៅនឹងការបាត់បង់ របស់ដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន សម្រាប់នគរ ដ៏កំសត់មួយនេះ ។
កាលពីព្រះអង្គគង់នៅមានព្រះជន្ម ព្រះអង្គបានលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ស្ទើរពេញមួយជីវិត បំពេញព្រះរាជបូជនីយកិច្ច ដើម្បី ប្រយោជន៍ប្រជានុរាស្ត្រ និងនគរទាំងមូល ដោយឥតរុញរា និងគ្មានការចុះញ៉ម ចំពោះឧបសគ្គទាំងឡាយ ដែលបានកើតឡើងឡើយ។
រាល់ព្រះរាជសកម្មភាព របស់ព្រះអង្គ បានក្លាយជាសច្ចៈធម៌ប្រវត្តិសាស្ត្រ ដែលគ្មាននរណាអាចបដិសេធន៍ និងកែប្រែបានឡើយ។ ក្រៅពីនោះ ក៏នៅមានស្នាព្រះហស្ថ ជាច្រើនទៀត ដែលព្រះបរមរតនកោដ្ឋ បានពុះពារសម្រេចបាន ដែលយើងមិនអាចរៀបរាប់អស់ ក្នុងពេលវេលាដ៏ខ្លីនេះបាន ក៏ប៉ុន្តែ ព្រះរាជសកម្មភាពរបស់ព្រះអង្គ បានស្ថេរស្ថិត ដិតជាប់កប់យ៉ាងជ្រៅ ក្នុងក្រអៅបេះដូង របស់ប្រជានុរាស្ត្រ គ្រប់ៗរូប។
ជាក់ស្ដែង ថ្ងៃនេះ ប្រជានុរាស្ត្រទូទាំងព្រះនគរ កំពុងរស់នៅក្រោមព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជណាចក្រ ដំបូល នៃសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជំនាន់ថ្មី គឺព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចកក្រកម្ពុជា និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។ ដូច្នេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួង ដល់គុណព្រះរតនត្រៃ វត្ថុសក្ដិសិទ្ធទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សា ការពារដួងព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមបានយោនយកកំណើត ទៅកើតនៅសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា ពិធីដ៏មង្គលនេះដែរ ថ្នាក់ដឹកនាំខេត្ត ក៏បាននិមន្តព្រះសង្ឃ ៧អង្គ សូត្រមន្តចំរើនព្រះបរិត បង្សុកូល ដើម្បី ឧទ្ទិសកុសល ផលបុណ្យ ថ្វាយទៅដល់ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ក៏ដូចជា វិបាក នៃឌួងវិញ្ញាណក្ខន្ធ បុព្វការីជនទាំងអស់ ក្នុងសង្សាវដ្ត ដែលបានចែកឋាន ទៅកាន់បរលោកខាងមុខ ផងដែរ៕