(ភ្នំពេញ)៖ ថ្លែងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកាយវប្បកម្ម Rise Fitness នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវហាត់ប្រាណឲ្យបានច្រើនដើម្បីរក្សាសុខភាព និងកម្លាំងមាំមួនព្រោះថា សុខភាពពិតជាមានតម្លៃណាស់ សម្រាប់បុគ្គលម្នាក់ៗ។
លោក ឃួង ស្រេង បានអះអាងទៀតថា ប្រសិនបើមនុស្សម្នាក់មិនបានខិតខំហាត់ប្រាណនោះទេ អាចបណ្ដាលឲ្យសុខភាពងាយនឹងទ្រុតទ្រោម ហើយសមត្ថភាពនៃការបំពេញការងារ ក៏ចុះខ្សោយទៅតាមនោះផងដែរ ពោលសូម្បីតែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏ជំរុញឲ្យរាជធានី-ខេត្ត ត្រូវរៀបចំទីតាំងសមស្របណាមួយ ដើម្បីបង្កលក្ខណៈជូនពលរដ្ឋហាត់ប្រាណ។
អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «សុខភាពជាវត្ថុដែលមានតម្លៃបំផុត សម្រាប់បុគ្គលម្នាក់ៗ ព្រោះថាកាលណារាងកាយយើងទ្រុតទ្រោម នោះសមត្ថភាពបំពេញការងាររបស់យើង ក៏ធ្លាក់ចុះទៅតាមនឹងដែរ ហើយចំណុចសំខាន់បំផុតស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងផ្ដល់អនុសាសន៍ឲ្យទាំង រាជធានី-ខេត្ត ឲ្យយកចិត្តទុកដាក់រៀបចំទីតាំងលំហរ និងទីតាំងហាត់ប្រាណជូនពលរដ្ឋ»។
ជាមួយគ្នានេះ លោក ឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរដល់សហស្ថានិក មជ្ឈមណ្ឌលកាយវប្បកម្ម Rise Fitness ដែលបានផ្ដួចផ្ដើមគំនិតបង្កើត មជ្ឈមណ្ឌលកាយវប្បកម្មដំបូងគេ ដែលបំពាក់ទៅដោយឧបករណ៍ទំនើបៗ មានសុវត្ថិភាពខ្ពស់ អមដោយកម្មវិធីថ្មីៗ សម្រាប់សុខភាព សម្រស់ ម្ហូបអាហារជាដើម។
សួមជម្រាបថា Rise Fitness ជាក្លឹបហាត់ប្រាណទំនើបដំបូងគេមួយ មានទីតាំងស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានប្រកាសបើកដំណើរការជាផ្លូវការ នៅព្រឹកមិញនេះ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។
មជ្ឈមណ្ឌលកាយវប្បកម្ម Rise Fitness នឹងជួយចូលរួមបង្កើតឡើងនូវទម្លាប់ថែរក្សាសុខភាព សម្រាប់តំបន់មួយនេះដែលពោរពេញទៅដោយ របបអាហារពុំមានផាសុខភាពសម្រាប់រាងកាយមនុស្ស។ ដោយមានការរក្សាខ្ជាប់នូវចំណង់ចំណូលចិត្ត និងក្ដីសង្ឃឹមក្នុងការអប់រំប្រជាជន និងបុគ្គលទាំងឡាយ អំពីសុខភាព និង កាយសម្បទា មជ្ឈមណ្ឌលកាយវប្បកម្ម Rise Fitness នឹងចូលរួយក្នុងការបង្កើនសុខភាពរបស់ប្រជាជន ដែលរស់នៅជុំវិញទីប្រជុំជននេះ។
មជ្ឈមណ្ឌលកាយវប្បកម្ម Rise Fitness ផ្ដល់ជូននូវភាពងាយស្រួល និងការហាត់ប្រាណដែលមានគុណភាពដ៏ល្អ ជាមួយនឹងម៉ោងធ្វើការជាប្រចាំថ្ងៃ ចាប់ពីម៉ោង៥ព្រឹក រហូតដល់ម៉ោង១១យប់ រៀងរាល់ថ្ងៃ ដោយប្រើប្រាស់ សោរ RFID មួយ សមាជិក Rise Fitness អាចមានសិទ្ធិចូលហាត់ប្រាណ បានគ្រប់ពេលវេលា ដែលស្ថិតនៅក្នុងចន្លោះម៉ោងធ្វើការ។ ពួកគេបានប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍ហាត់ប្រាណយ៉ាងល្អក្រៃលែង ហើយសមាជិកភាពនៅRise Fitness មួយណាក៏ដោយ គឺអាចមានសិទ្ធិចូលហាត់ប្រាណ នៅ Rise Fitness គ្រប់សាខា។
ប្លង់គម្រោងរបស់ក្លឹបហាត់ប្រាណនេះគឺ រៀបចំឡើងសម្រាប់ការហាត់ប្រាណ ដែលមានប្រសិទ្ធិភាព និងចំណាយរយៈពេលខ្លី។ ម៉ាស៊ីន និងឧបករណ៍ហាត់ប្រាណទាំងអស់មានរួមបញ្ចូល ម៉ាស៊ីន Cardio តាមស្ដង់ដារ តំបន់សម្រាប់ Squat ឬ Deadlift ថែមទាំងមានសម្រាប់លំហាត់ប្រាណ Functional Training ផងដែរ។ Rise Fitness ថែមទាំងមានផ្ដល៉ជូននូវសេវាកម្មផ្សេងៗដូចជា គ្រូបង្ហាត់ផ្ទាល់ខ្លួន (Personal Training), ការស្ដារឡើងវិញនៃនីតិសម្បទា (Rehabilitation), និង ការព្យាបាលពីកីឡា (Sports Therapy) ផងដែរ៕