ស្វាយរៀង ៖ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សា ខេត្តស្វាយរៀង អាណត្តិទី៣ ដែលមានការចូលរួមពីក្រុមការងារថ្នាក់ជាតិ ថ្នាក់ដឹកនាំខេត្ត មន្ត្រីសាលាខេត្តស្វាយរៀង និងអ្នកពាក់ព័ន្ធទាំងអស់ សរុបប្រមាណ ៤០០នាក់ នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសាលប្រជុំអាគារ”ឃ”សាលាខេត្តស្វាយរៀង។
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានថ្លែងនូវសន្ទរកឋាស្វាគមន៍អំពីវឌ្ឍននៈភាពការងាររបស់រដ្ឋបាលខេត្តស្វាយរៀង ដែលខិតខំបំពេញតួនាទីភារកិច្ច កិច្ចការងាររដ្ឋបាល ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការខិតខំអភិវឌ្ឍន៍ហេត្ថារចនាសម្ព័ន្ធនានាក្នុងខេត្តស្វាយរៀងសម្រេចបាននាពេលកន្លងទៅ។
ក្នុងឱកាសនោះសម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ សូមសំដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តស្វាយរៀង ដែលត្រូវបានតំណាង ប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្ត ឲ្យកាន់រីកចម្រើន លើគ្រប់វិស័យថែមទៀត ។
សម្តេចក្រឡាហោមស ខេងបានបន្តទៀតថា ការពង្រឹងសាមគ្គីភាព ឯកភាព ផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាន លើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការ ទទួលខុសត្រូវ និងភាពជាម្ចាស់ របស់មន្ត្រីនៅក្នុងបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការ របស់ប្រជាពលរដ្ឋ គឺធ្វើឲ្យយើងសម្រេចគោលដៅ មូលដ្ឋានមានការអភិវឌ្ឍន៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពខេត្ត ត្រូវដឹកនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ឲ្យបង្កើនការថែរក្សាការពារ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងក្របខណ្ឌខេត្តទាំងមូល ដោយត្រូវយកចិត្តទុកដាក់ លើវិធានការសំខាន់ៗក្នុងនោះ ត្រូវជំរុញលើកទឹកចិត្ត ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ នៅតាមមូលដ្ឋានរៀងៗខ្លួន ជាពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ប្លន់ និងល្បែងស៊ីសងខុសច្បាប់ នៅគ្រប់មូលដ្ឋានទូទាំងខេត្ត។
នៅអាណត្តិទី៣នេះ នៃក្រុមប្រឹក្សាខេត្តស្វាយរៀង មានចំនួន ២៣រូប ក្នុងនោះឯកឧត្តម ជុំ ហាត ត្រូវបានតែងតាំង ជាប្រធានក្រុមប្រឹក្សាខេត្ត៕