(ខេត្តកែប)៖ លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំដើម្បីបូកសរុប សភាពការណ៍ លទ្ធផលការងារ ខែមិថុនា និងលើកទិសដៅបន្ត ខែសីហា ឆ្នាំ២០១៩ របស់ខ្លួន ដោយមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងទទួលផែនគ្រប់ផ្នែក មន្ត្រីដឹកនាំគ្រប់ឋានានុក្រម (ខេត្ត ក្រុង ស្រុក) ប្រធានក្រុមអន្តរាគមន៍ ក្រុមចំរុះនគរបាលខេត្តប្រចាំការឆ្នេរ,ផែ និងកោះទន្សាយ មន្ត្រីពាក់ព័ន្ធ និងប៉ុស្តិ៍រដ្ឋបាលទាំង5 សរុបចំនួន១៣៨នាក់។
តាមរបាយការណ៍ ខែមិថុនា បានឱ្យដឹងថា បទល្មើសព្រហ្មទណ្ឌកើតឡើង២/០ លើកកើនឡើង២លើក(ជាបទមជ្ឍឹម) លទ្ធផលយើងបានបង្ក្រាបដោយចាប់មុខសញ្ញាបញ្ជូនទៅតុលាការ) រីឯគ្រោះថ្នាក់ចរាចរ៨/២លើក កើនឡើង៦លើក បណ្តាលឱ្យស្លាប់២/១នាក់ កើនឡើង១នាក់ របួសធ្ងន់១១/១នាក់កើនឡើង១០នាក់ របួសស្រាល៥/៣កើនឡើង២នាក់។
អង្គប្រជុំក៏បានស្តាប់ការចូលរួមយោបល់របស់ស្នងការរងតាមបណ្តាផែនមួយចំនួននិងអធិការក្រុង អំពីលទ្ធផលកិច្ចសហប្រតិបត្តិការ ការងារខែកន្លងមករបស់ខ្លួនផងដែរ។
ចំពោះកិច្ចប្រតិបត្តិការសំខាន់ៗក្នុងខែនេះរួមមាន ការល្បាតរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមមូលដ្ឋាន ភូមិ ឃុំ ដែលបានចាត់តាំងធ្វើទាំងពេលថ្ងៃ និងពេលយប់ ការងារបង្ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ,គ្រឿងញៀន និងការជួយសហការជួយសង្គ្រោះ ជនរងគ្រោះថ្នាក់ចរាចរណ៍បាន៨លើកផងដែរ។
មានប្រសាសន៍បូកសរុបអង្គប្រជុំ លោកឧត្តមសេនីយ៍ ស្នងការ ក៏បានដាក់ចេញទិសដៅបន្ត ដោយផ្តោតសំខាន់ការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការបង្ការបង្ក្រាប បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន និងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់គ្រប់មូលដ្ឋានឱ្យបានល្អប្រសើរជាបន្តទៀតដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន៕