(ខេត្តកំពត)៖ បុរសស្ត្រីជាប្តីប្រពន្ធពីរនាក់បានរងរបួសធ្ងន់បន្ទាប់ពីរថយន្តបុកពេលកំពុងជិះម៉ូតូឌុបគ្នាដល់ចំណុចក្បែរចំណុចរង្វង់មូលមិត្តភាពកម្ពុជា-កូរ៉េ ដោយហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង៧ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៣ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
លោកវរសេនីយ៍ទោ ស៊ូ វណ្ណាត នាយរងការិយាល័យនគរបាលចរចរាណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តកំពតបានប្រាប់ឱ្យដឹងថា ជនរងគ្រោះជាប្តីឈ្មោះ ថន ធឿន អាយុ ៣២ឆ្នាំ ឯប្រពន្ធឈ្មោះ ម៉ៅ រ៉េត អាយុ ២៦ឆ្នាំ។ គ្រួសារនេះរស់នៅភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។ ចំណែកអ្នកបើករថយន្តឈ្មោះ គន់ ចាន់តារា ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិត្រពាំងធំ ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត។
លោកវរសេនីយ៍បានរៀបរាប់ថា មុនហេតុុការណ៍កើតឡើង គេឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នាចុះពីស្ពានក្នុងទិសដៅពីកើតទៅលិច ស្របពេលនោះស្រាប់តែមានរថយន្តបែនដឹកដីមួយគ្រឿងបើកមកពីត្បូងក្នុងល្បឿនយ៉ាងលឿនរួចបុកម៉ូតូពេញទំហឹងបណ្តាលឱ្យប្តីនិងប្រពន្ធខាងលើរងរបួសធ្ងន់តែម្តង។
លោក ស៊ូ វណ្ណាត បានបន្តថា ក្នុងស្ថានភាពបែបនោះ អ្នកបើករថយន្តបម្រុងរត់គេច ទើបសមត្ថកិច្ចសហការជាមួយអ្នកដំណើរឃាត់ខ្លួនបាមភ្លាមៗ។ ចំណែកជនរងគ្រោះទាំងពីរត្រូវរថយន្តដឹកទៅកាន់មន្ទីរពេទ្យខេត្តកំពត រួចបញ្ជូនបន្តទៅរាជធានីភ្នំពេញព្រោះស្ថានភាពរបួសអ្នកទាំងពីរធ្ងន់ធ្ងរខ្លាំងពេក៕