(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី១០ ខែមីនាឆ្នាំ ២០២០ រដ្ឋបាលខេត្តកែប បានបើកកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឆ្នាំ២០១៩និងលើកទិសដៅ ការងារឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តមនាយ ឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក អុឺង ឆាយ អភិបាលខេត្តស្តីទី តំណាង លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តែប លោក-លោកស្រី ប្រតិភូនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ ថ្នាក់ខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំង មេប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំសង្កាត់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
លោក អុឺង ឆាយ អភិបាលខេត្តស្តីទី និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានធ្វើរបាយការណ៍ អំពីលទ្ធផលក្នុងឆ្នាំ២០១៩កន្លងទៅ ដោយមានការយកចិត្តទុកដាក់ពី សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល សម្ដេចគតិព្រឹទ្ធបណ្ឌិតបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមនិងក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត សប្បុរសជន ព្រះសង្ឃ ដែលបានជួយ ឧបត្ថម្ភគាំទ្រនិងចូលរួមជាមួយរដ្ឋបាលខេត្ត ធ្វើឲ្យការឆ្លើយតប និងអន្តរាគមន៍ ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ អគ្គីភ័យ និងគ្រោះថ្នាក់ដោយឧប្បត្តិហេតុផ្សេងៗបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ជាមួយគ្នានេះ លោកអភិបាលខេត្តស្តីទី ក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមការងារ គ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ ថ្នាក់ខេត្ត សប្បុរសជន និងអ្នកពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ និងជួយអន្តរាគមន៍ដល់រដ្ឋបាលខេត្តកែប ក្នុងការត្រៀមឆ្លើយតប និងជួយអន្តរាគមន៍ ជូនដល់ប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់។
ចំពោះយន្តការការងារឆ្នាំ២០២០ លោក អុឺង ឆាយ អភិបាលខេត្តស្តីទី និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏បានដាក់ទិសដៅបន្តដឹកនាំ ណែនាំ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀមរៀបចំទុកជាមុន ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប សម្រាប់អន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា នឹងបន្តដឹកនាំអនុវត្តតាមអនុក្រឹត្យ រាជរដ្ឋាភិបាលលេខ១៨៨ អនក្រ.បក ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ និងជំរុញឲ្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក្រុង ស្រុក ឃុំ សង្កាត់ និងក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយភូមិ ដៃគូអភិវឌ្ឍន៍ សប្បុរសជននានា ដើម្បីរៀបចំធ្វើបច្ចុប្បន្នភាព និងត្រៀមលក្ខណៈគ្រប់បែបយ៉ាងតាមជំនាញនីមួយៗក្នុងការបង្ការ ឆ្លើយតបនិងប្រើប្រាស់កម្លាំង និងមធ្យោបាយសម្រាប់ជួយអន្តរាគមន៍នៅពេលមានគ្រោះមហន្តរាយកើតឡើង។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានជំរុញដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប និងក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកត្រួតពិនិត្យសភាពការណ៍ទូទៅ ដែលពាក់ព័ន្ធនឹងគ្រោះមហន្តរាយ តាមដានព័ត៌មាន និងតាមដានស្ថានភាពអាកាសធាតុ ពិសេសការផ្សព្វផ្សាយអំពីវិធានការបង្ការការចម្លងជំងឺ COVID-19 នៅតាមមូលដ្ឋានឱ្យបានទាន់ពេលវេលា។
ត្រូវពង្រឹងតួនាទីភារកិច្ចរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយគ្រប់ថ្នាក់ លេខាធិការដ្ឋាន និងក្រុមប្រតិបតិ្តទាំងអស់ ត្រូវបំពេញការងារឱ្យបានហ្មត់ចត់ ដោយធ្វើជាសេនាធិការដល់រដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាពខ្ពស់៕