ស្វាយរៀង ÷ ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាអាណត្តិទី៣ នៅស្រុករំដួល ខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាស្រុករំដួលមានរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុករំដួល អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីនេះមានលោក លោកស្រី មន្ត្រីរាជការសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីប្រធាន អនុប្រធាន មន្ទីរនានាជុំវិញខេត្ត លោក លោកស្រី ក្រុមប្រឹក្សាស្រុកអាណត្តិថ្មី គណៈអភិបាលស្រុក មន្ត្រីសាលាស្រុក មេបញ្ជាការកងកម្លាំងទាំង៣ក្នងស្រុក ប្រធាន អនុប្រធានការិយាល័យជំនាញនានាជុំវិញស្រុក លោក លោកស្រីក្រុមប្រឹក្សាឃុំទាំង១០ លោកប្រធានមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ប្រធានមណ្ឌលសុខ ភាពទាំង៤ក្នុងស្រុក សរុបចំនួន ១១២នាក់ ស្រី៣១នាក់។
ឯកឧត្តម តូច ប៉ូលីវ៉ា ក្នុងនាមឯកឧត្ដមអភិបាលខេត្ត សូមសំដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាស្រុករំដួល ដែលត្រូវបានតំណាង ប្រជាពលរដ្ឋ ដែលជាសមាជិក សមាជិការ ក្រុមប្រឹក្សាឃុំ ដែលជាអង្គបោះឆ្នោត បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំស្រុក ឲ្យកាន់រីកចម្រើន លើគ្រប់វិស័យថែមទៀត ម្យ៉ាងវិញទៀតការពង្រឹងសាមគ្គីភាពឯកភាព ផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាន លើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការ ទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងបំពេញតួនាទីភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការ របស់ប្រជាពលរដ្ឋ គឺធ្វើឲ្យយើងសម្រេចគោលដៅ មូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង។
ឯកឧត្តបានបញ្ជាក់ថា គណៈបញ្ជាការឯកភាពស្រុកត្រូវដឹកនាំអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ឲ្យបង្កើនការថែរក្សាការពារ សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ក្នុងក្របខណ្ឌស្រុកទាំងមូល ដោយត្រូវយកចិត្តទុកដាក់ លើវិធានការសំខាន់ៗក្នុងនោះ ត្រូវជំរុញលើកទឹកចិត្ត ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ នៅតាមមូលដ្ឋានរៀងៗខ្លួន ជាពិសេសករណីក្មេងលង់ទឹកដែលជាបញ្ហាប្រឈមមួយដែលតែងកើតមានឡើងនៅតាមបណ្ដាលឃុំក្នុងស្រុក បង្ក្រាប់បទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ប្លន់ និងល្បែងស៊ីសងខុសច្បាប់ បន្តលើកកម្ពស់ការពង្រឹងសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ពិសេសសុវត្ថិភាពចរាចរ ដោយត្រូវផ្តល់លើការផ្សព្វផ្សាយអប់រំ ការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅគ្រប់មូលដ្ឋានក្នុងស្រុក៕