(ខេត្តកំពត)៖ នៅល្ងាច ថ្ងៃអាទិត្យ៦រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញអមដំណើរ លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពកម្មករសំណង់ដែលរងគ្រោះដោយឧបទ្ទវហេតុបាក់រលំអគារសំណង់នៅខេត្តព្រះសីហនុ ដែលបណ្តាលឲ្យកម្មករសំណង់ដែលមាន ចំនួន៨នាក់ស្លាប់បាត់បង់ជីវិត ដែលមានលំនៅដ្ឋានស្ថិតនៅក្នុងស្រុកកំពង់ត្រាច(០៦នាក់) និងស្រុកដងទង់(០២នាក់) នៃខេត្តកំពត។
សមាសភាពគណៈប្រតិភូអញ្ជេីញចូលរួមអមដំណើររួមមាន លោកប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត គណ:អភិបាលស្រុក កងកម្លាំងទាំងបី និងអាជ្ញាធរភូមិ ឃុំ។
ស្ថិតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បាននាំយកនូវថវិការបស់រាជរដ្ឋា ភិបាលកម្ពុជា ប្រគល់ជូនក្រុមគ្រួសារសពទាំង៨គ្រួសារ ដោយគ្រួសារនីមួយៗទទួលបានថវិកាចំនួន៤០លានរៀល (១មុឺនដុល្លារអាមេរិក) សរុប ៣២០លានរៀល ស្មើនឹង៨មុឺនដុល្លារអាមេរិក។
សូមបញ្ជាក់ថា ករណីបង្កឱ្យមានសោកនាដកម្មដ៏ធ្ងន់ធ្ងរបណ្តាលឱ្យបាត់បង់ជីវិតជាច្រើននាក់បែបនេះ គឺកើតឡើងដោយសារបាក់រលំអគារដែលមានកម្ពស់៧ជាន់កំពុងសាងសង់នៅខេត្តព្រះសីហនុ កាលពីវេលាម៉ោងជិត៥ទៀបភ្លឺ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ហើយមនុស្សដែលស្លាប់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុនេះសុទ្ធតែជាជាងសំណង់ ភាគច្រើនរស់នៅក្នុងភូមិសាស្ត្រខេត្តកំពត៕