ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនកម្មករ កម្មការិនី ដែលរងគ្រោះដោយសារឧបទ្ទវហេតុបាក់ស្រុតអគារ៧ជាន់ នៅខេត្តព្រះសីហនុ ។
ឯកឧត្តម វ៉ី សំណាង បានបង្ហាញនូវសោកស្តាយជាពន់ពេកចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលបានបាត់បង់ជីវិត និងសូមបួងសួងឲ្យដឹង វិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានជូនពរដល់ជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងអស់ ឆាប់បានជាសះស្បើយកុំបីខាន។
ក្នុងឱកាសចុះសាកសួរសុខទុក្ខនេះផងដែរ ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺក៏បានឧបត្ថម្ភថវិកាជូនដល់ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុង ១នាក់ ថវិកា ១០ម៉ឺនរៀល និង ជនរងគ្រោះដែលបាត់បង់ជីវិត ក្នុង ១នាក់ ថវិកា ២០ម៉ឺនរៀល ។