(ខេត្តកែប)៖ នៅរសៀលថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ នេះ រដ្ឋបាលខេត្តកែប បាននិមន្តព្រះសង្ឃគ្រប់វត្តទូទាំងខេត្ត ប្រារព្វពិធីបង្សុុកូល ដើម្បីឧទ្ទិសកុសលជូនដល់ដួងព្រលឹងជនរងគ្រោះបាត់បង់ជីវិតដោយសារឧប្បទ្ទវហេតុបាក់រលំអគារកម្ពស់ ៦ជាន់ ដែលបណ្តាលឱ្យមនុស្សរងគ្រោះសរុប៥៩នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៣៦នាក់ និងរងរបួសធ្ងន់-ស្រាលចំនួន ២៣នាក់។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី ប៉ែន រិកសុី រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងនោះក៏មានការអញ្ជេីញចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរង ខេត្ត កងកម្លាំងទាំងបី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងសិស្សានុសិស្ស សរុប ចំនួន ៥០០នាក់។
សូមជម្រាបថា អគារកម្ពស់៦ជាន់ ដែលសាងសង់បានប្រមាណ៩០% មានទីតាំងស្ថិតក្បែរវត្តសមាធិ ក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ត្រូវបានបាក់រលំកាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៤រសៀល ដោយបានធ្វើឱ្យកម្មករសំណង់រងគ្រោះចំនួន៥៩នាក់ជាប់ក្នុងគំនរថ្មបាក់បែក ក្នុងចំណោមនោះមានអ្នករងរបួសចំនួន២៣នាក់ និងអ្នកស្លាប់បាត់បង់ជីវិតមានរហូតដល់៣៦នាក់ ក្នុងនោះក៏មានក្មេងប្រុស ស្រី ចំនួន៦នាក់ផងដែរ៕