(ខេត្តកំពត)៖ នៅរសៀលថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការការិយាល័យច្រកចេញតែមួយ និងការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកឈូក ខេត្តកំពត។
អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន៖ ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត គណៈអភិបាលស្រុកឈូក ក្រុមប្រឹក្សាស្រុក និងលោក លោកស្រីមេឃុំ សរុបប្រមាណ ៦៥០នាក់។
ក្នុងឱកាសនេះផងដែរ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការការិយាល័យច្រកចេញតែមួយ និងការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកឈូក នាពេលនេះ ដើម្បីលើកកម្ពស់សេវាសាធារណៈ ដោយបង្ខិតសេវាឲ្យទៅកៀកជិតប្រជាពលរដ្ឋ តាមនីតិវិធីសាមញ្ញ មានតម្លាភាព គណនេយ្យភាព បម្រើសេវាឲ្យទាន់ពេលជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកបានបន្ថែមទៀតថា ការបង្កើតឱ្យមានការិយាល័យច្រកចេញចូលតែមួយ មានគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធិផល តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលលើវិស័យនានានៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន៕