(ខេត្តកំពត)៖ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៩ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការការិយាល័យច្រកចេញតែមួយ និងការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកទឹកឈូ ខេត្តកំពត។
សមាសភាពអញ្ជើញចូលរួមមាន៖ ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រត្តិបតិការសឹករងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត គណៈអភិបាលស្រុកទឹកឈូ ក្រុមប្រឹក្សាស្រុក និងលោក លោកស្រីមេឃុំ សរុប ១០០០នាក់។
លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា៖ ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការការិយាល័យច្រកចេញតែមួយរបស់រដ្ឋបាលស្រុកទឹកឈូ នាពេលនេះ ដើម្បីលើកកម្ពស់សេវាសាធារណៈ ដោយបង្ខិតសេវាឲ្យទៅកៀកជិតប្រជាពលរដ្ឋ តាមនីតិវិធីសាមញ្ញ មានតម្លាភាព គណនេយ្យភាព បម្រើសេវាឲ្យទាន់ពេលជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលស្រុកទឹកឈូ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព បានអញ្ជេីញកាត់ខ្សែបូរ និងទស្សនាអគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ព្រមទាំងអគារបំពេញការងាររបស់មន្ត្រីរាជការនៃរដ្ឋបាលស្រុកទឹកឈូ៕