ភ្នំពេញ ៖ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ កងទ័ពជើងគោក និងជាអគ្គលេខាធិការរង សមាគម អតីតយុទ្ធជនកម្ពុជា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញ ដល់ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៩ ដើម្បី ជួប សំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលជាសមាគម អតីតយុទ្ធជនកម្ពុជា ។ ក្នុងពិធីជួបសំណេះសំណាលនោះ ក៏ រួមមានការប្រគល់ ផ្ទះ ១២៥ ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រគល់ជូន សមាជិក អតីតសមាគមយុទ្ធជនកម្ពុជា ដែលស្ថិតនៅទីនោះផងដែរ ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី៦ ខែធ្នូឆ្នាំ២០១៩បានអញ្ជើញសំណេះសំណាលនិងផ្តល់ផ្ទះ១២៥ខ្នងស្ថិតនៅស្រុកចុងកាល់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលកម្ពុជាជូនសមាជិកអតីតសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ។ខេត្តឧត្តរមានជ័យចំនួន១២៥គ្រួសារដើម្បីដោះស្រាយការលំបាករបស់បងប្អូនអតីតយុទ្ធជនក្នុងសមរភូមិសង្គ្រាម។គ្រាដែលអតីតយុទ្ធជនទាំងនោះគ្មានផ្ទះនិងដីធ្លីត្រឹមត្រូវរស់នៅក្នុងជីវភាពលំបាក។
ថ្លែងក្នុងពិធីសំណេះសំណាលក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថាការបង្កើតសមាគមអតីតយុទ្ធជនកម្ពុជានេះឡើងក្នុងគោលបំណងដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនដែលមានគុណបំដាច់ចំពោះជាតិនិងមាតុភូមិឱ្យកាន់តែល្អប្រសើរឡើង។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា សូមឱ្យបងប្អូនអតីតយុទ្ធជនត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដោយមិនបោះបង់បងប្អូនចោលនោះឡើយ។រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះបងប្អូនអតីតយុទ្ធជននិងជាពិសេសនៅតែបន្តខិតខំដោះស្រាយផ្ទះនិងដីធ្លីជូនអតីតយុទ្ធថែមទៀតពីព្រោះការដោះស្រាយវាមិនបញ្ចប់ត្រឹមនេះទេ ។ ដូច្នេះបងប្អូនត្រូវនាំគ្នាគាំទ្រសន្តិភាពឱ្យបានរឹងមាំនិងត្រូវអប់រំកូនចៅឱ្យបានយល់ពីតម្លៃសន្តិភាពដោយកុំចាញ់បោកឧបាយកលអាក្រក់ក្រុមប្រឆាំងដែលមានបំណងចង់បង្កហេតុនាំប្រទេសធ្លាក់ក្នុងសង្គ្រាមសារជាថ្មី។
សូមបញ្ជាក់ថា ក្នុងពិធីនោះផងដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានសម្ភោធស្រះទឹកប្រវែង៣០ម៉ែត្រគុណ៨០ម៉ែត្រដែលជាអំណោងដ៏ថ្លៃថ្លារបស់សម្តេចតេជោសែននិងបានឧបតម្ថថវិកា៥០លានរៀលដើម្បីទិញថ្នាំលាភផ្ទះនិងជួយកសាងបង្គន់អនាម័យជូនដល់បងប្អូនអតីតយុទ្ធជនសរុប១៨០គ្រួសារនិងបានឧបត្ថម្ភប្រេង៣ម៉ឺនលីត្រសម្រាប់ជីកស្រះទឹកចំនួន១ថែមទៀត៕