ពិធីប្រកាសចូលកាន់តំណែង ជាប្រធានមន្ទីរកិច្ចការនារី ខេត្តកំពង់ចាម ក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី និងអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ។
នាឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ផ្តាំផ្ញើចំពោះលោកស្រីប្រធានមន្ទីរដែលទើបទទួលបានការប្រគល់ភារកិច្ចថ្មី ត្រូវខិតខំបំពេញការងារឲ្យអស់ពីសមត្ថភាព លទ្ធភាព ទេពកោសល្យ ប្រកបដោយ ឆន្ទៈ មនសិការ និងគំនិតច្នៃប្រឌិតខ្ពស់ ក្នុងស្មារតីយកចិត្តទុកដាក់ ដឹកនាំ និងមានគណនេយ្យភាព ជាមួយនឹងការទទួលខុសត្រូវខ្ពស់ ចំពោះ ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី និងចំពោះរដ្ឋបាលខេត្តលើក្របខ័ណ្ឌការងារ ដែលខ្លួនត្រូវបំពេញទៅតាមតួនាទី និងភារកិច្ច ។
ដើម្បី ជំនះឲ្យបានរាល់ការលំបាកក្នុងការងារ និងបញ្ហាប្រឈមនានា ដែលអាចកើតមានឡើង សូមលោកស្រី ត្រូវចេះរួមសហការដឹកនាំពិភាក្សាក្នុងអង្គភាព ជាមួយមន្ត្រីក្រោមឱវាទ និងសហការទំនាក់ទំនងល្អជាមួយបណ្តាមន្ទីរ អង្គភាពនានាជុំវិញខេត្តក្រុង-ស្រុក ឃុំ-សង្កាត់ និងជាមួយដៃគូអភិវឌ្ឍនានាឲ្យបានល្អជានិច្ច ។ ជាងនេះទៅទៀតនោះ សូមបន្តឲ្យមានទំនាក់ទំនងល្អ ជាមួយនឹងបណ្ដាមន្ទីរអង្គភាពផ្សេងៗ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរក្រុង-ស្រុក ដើម្បី បង្កើនប្រសិទ្ធភាពការងារ ជាពិសេស ការចាប់ដៃគូជាមួយនឹងអង្គការសង្គមស៊ីវិល ។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានមានប្រសាសន៍ផ្ដាំផ្ញើ ដល់ប្រធានមន្ទីរថ្មី ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ត្រូវមានកិច្ចសហការ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យបានល្អ ដើម្បី ដឹកនាំមន្ទីររបស់ខ្លួនឆ្ពោះទៅ ការអនុវត្តយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ក៏ដូចជា យុទ្ធសាស្ត្រនារីរតនៈទី ៥ សម្រេចបានលទ្ធផល ដូចអ្វីដែលបានរំពឹងទុក ។ ម្យ៉ាងទៀត លោកស្រីប្រធានមន្ទីរថ្មី ត្រូវធ្វើយ៉ាងណា ឱ្យមានសាមគ្គីភាពផ្ទៃក្នុង ត្រូវមានការគោរពគ្នាតាមឋានានុក្រម ប្រសិនបើជួបនូវការលំបាកផ្សេងៗ ប្រធានមន្ទីរ សូមសុំយោបល់ទទួលយកការណែនាំពី ថ្នាក់ដឹកនាំខេត្ត យកទៅដោះស្រាយឲ្យមានប្រសិទ្ធភាព ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម