អ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Royal Group បានសម្តែងការគោរព និងកោតសរសើរជាខ្លាំងចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការ ក្នុងសកម្មភាពនានាកន្លងមក ដើម្បីរួមចំណែកជួយដល់រាជរដ្ឋាភិបាល ប្រទេសជាតិ និងប្រជាជនកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង រួមទាំងភរិយា ព្រមទាំងកូនៗទាំង៤នាក់ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញចូលជួបសម្តែងការគួរសម និងសួរសុខទុក្ខ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលនិងលោកជំទាវ ពេជ ចន្ទមុន្នី នៅគេហដ្ឋាន។
នៅក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង សូមប្រកាសជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនកម្ពុជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ដែលលោកពិតជាឥស្សរជនដែលស័ក្តិសម និងជាឥស្សរជនថ្នាក់ដឹកនាំវ័យក្មេងដ៏ឆ្នើមមួយរូបរបស់កម្ពុជា ពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ និងកំពុងរួមចំណែកស្រាប់ក្នុងចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
អ្នកឧកញ៉ា ក៏បានគោរពជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងបុត្រ បន្តទទួលបានជោគជ័យបេសកកម្មដ៏ឧត្តុង្គឧត្តម បម្រើជាតិមាតុភូមិដ៏បវរនៃយើង និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយផងដែរ៕