នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
សម្ដេចតេជោក៏បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញមកសម្ពោធដាក់ឲ្យប្រើប្រាស់នូវអាគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដូចជាសាលាជាតិគយ និងសារមន្ទីរនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានាថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងថា អគារទាំង៣នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានេះ គឺបានចំណាយថវិកាក្នុងការសាងអស់ទឹកប្រាក់ប្រមាណជាង ៥០លានដុល្លារ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ឆ្នាំនេះជាខួប៧០ឆ្នាំ នៃការបង្កើតឱ្យមានស្ថាប័នគយ និងរដ្ឋាករកម្ពុជាផងដែរ។
នៅថ្ងៃនេះ សម្តេចតេជោបានប្រកាសជាសាធារណៈពីការសម្រេចពន្យារការចូលនិវត្តន៍របស់ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឲ្យបន្តកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រហូតដល់ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មស្ថាប័នគយអោយកាន់ល្អប្រសើរបន្ថែមទៀត។ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏មានប្រសាន៍រំលឹកដល់គុណូបការៈដ៏ធំធេងរបស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានបង្កើតស្ថាប័នគយនេះឡើង។ ព្រះអង្គបានសាងនូវស្នាព្រះហស្ថជាច្រើនសម្រាប់ជាតិ ជាពិសេសក្នុងព្រះរាជបូជនីយកិច្ចក្នុងការទាមទារឯករាជ្យជូនជាតិកម្ពុជាមាតុភូមិ។ សម្តេចតេជោបានមានប្រសាសន៍បន្តថា វត្តមានថ្មីនៃអគាររដ្ឋបាលគយ និងរដ្ឋាករកម្ពុជានេះ មិនត្រឹមតែជួយលើកកម្ពស់មុខមាត់ស្ថាប័នរបស់រដ្ឋ និងផ្តល់កន្លែងបំពេញការងារបានសមរម្យសម្រាប់មន្ត្រីរាជការប៉ុណ្ណោះទេ តែក៏បានបង្ហាញឱ្យឃើញនូវវឌ្ឍនភាពរបស់ជាតិកម្ពុជា ដែលយើងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ និងស្វែងរកសន្តិភាពបានដោយលំបាក។
ទាក់ទងទៅនឹងរឿងគយនេះផងដែរ សម្តេចតេជោបានថ្លែងរំលឹកថា នៅក្នុងអំឡុងឆ្នាំ២០០៤ មានមិត្តភក្តិបរទេសបានផ្តល់មតិឱ្យកម្ពុជាលក់ស្ថាប័នគយនេះ ក៏ប៉ុន្តែសម្តេចមិនព្រម ដោយសម្តេចយល់ឃើញថា បើសិនជាលក់ស្ថាប័នគយនេះ វាស្មើនឹងការលក់អធិបតេយ្យជាតិរបស់កម្ពុជាតែម្តង ដូច្នេះសម្តេចមិនយល់ព្រមទោះទេ។ ជាថ្មីម្តងទៀត នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសសារជាថ្មី មិនអនុញ្ញាតឲ្យរថយន្តអត់ពន្ធបើកចរាចរណ៍ លើដងផ្លូវតទៅទៀតទេ។សម្តេចតេជោក៏បានអំពាវនាវជាថ្មី ដល់ម្ចាស់រថយន្តអត់ពន្ធ សូមប្រញាប់មកបង់ពន្ធឲ្យបានទាន់ពេលវេលា មុនថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះពន្ធ១០ភាគរយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីគយទាំងអស់ សម្រាប់កិច្ចប្រឹងប្រែងប្រមូលពន្ធ។ នាឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ដល់នូវអនុសាសន៍សំខាន់ៗចំនួន៥ចំណុចដូចខាងក្រោម:
១- បន្តលើកកម្ពស់ការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ បទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានទាំងឡាយដើម្បីបង្កើនការយល់ដឹង និងការចូលរួមពីគ្រប់ភាគីទាំងអស់ក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីពង្រឹងនីតិរដ្ឋ កសាងវប្បធម៌សារពើពន្ធឲ្យកាន់តែប្រសើរឡើង។
២- ត្រូវបន្តអនុវត្តឲ្យមានប្រសិទ្ធភាពនូវយុទ្ធសាស្ត្រគៀងគរចំណូល និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ តាមរយៈការលើកកម្ពស់ភាពជាអ្នកដឹកនាំ ការបង្កើតឆន្ទៈក្នុងការអនុវត្តការងារកែទម្រង់ ការពង្រឹងភាពជាម្ចាស់ ការងារកែទម្រង់ការពង្រឹងភាពជាម្ចាស់ និងការយកចិត្តទុកដាក់ពង្រឹងសមត្ថភាពធនធានមនុស្សជាមួយនឹងការប្រើប្រាស់អោយបានច្រើននូវបច្ចេកវិជ្ជាព័ត៌មាន និងគមនាគមន៍ជាដើម។
៣- ត្រូវនៅបន្ត និងកែលម្អជាប្រចាំនូវការអនុវត្តយន្តការគាំទ្រកិច្ចសម្រួលពាណិជ្ជកម្ម ដូចដូចជាប្រព័ន្ធស្វ័យប្រវត្តិកម្ម ប្រព័ន្ធគ្រប់គ្រងហានិភ័យក្រោយពេលបញ្ចេញទំនិញពីគយ។
៤- ត្រូវចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាព នូវវិធានការនានា ក្នុងការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ និងដោះស្រាយផលប៉ះពាល់ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ ដើម្បីស្ដាសេដ្ឋកិច្ចឡើងវិញ។
៥- ត្រូវបន្តពង្រឹងប្រកបដោយប្រសិទ្ធភាព ទប់ស្កាត់អំពើរត់ពន្ធ ដើម្បីរួមចំណែកបង្កើនចំណូល ការប្រកួតប្រជែងសម្រាប់ការលើកស្ទួយអនុលោមភាពសារពើពន្ធនៅកម្ពុជា ម្យ៉ាងទៀតដើម្បីលុបបំបាត់ទាំងស្រុងនូវអំពើរត់គេចពន្ធ ត្រូវពង្រឹកការរដ្ឋច្បាប់លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈរួមសហការជាមួយវិស័យពាក់ព័ន្ធ រួមជាមួយវិស័យឯកជនផងដែរ។
សម្ដេចតេជោក៏បានជូនពរឲ្យបុគ្គលិកមន្ត្រីរាជការនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាទាំងអស់សូមទទួលបាននូវភាពជោគជ័យក្នុងការងារ និងជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នា។ ក្នុងឱកាសនោះផងដែរសម្តេចតេជោក៏បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសដល់មន្ត្រីមានស្នាដៃមួយចំនួន នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាផងដែរ និងបានអញ្ជើញសម្ពោធកាត់ខ្សែបូដាក់អោយប្រើប្រាស់នូវអគាររដ្ឋបាលនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគារសាលាជាតិគយ និងអគារសារមន្ទីរនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចាប់ពីពេលនេះតទៅ៕