តាកែវ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ដិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ក្នុងពិធីប្រកាសតែងតាំងនោះ ក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោស្នងការ ខេត្តកណ្ដាល, ខេត្តកំពត, ខេត្តព្រះសីហនុ, ខេត្តកំពង់ស្ពឺ និងលោក លោកស្រីមន្ត្រីរាជការនគរបាលជាតិជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរងនគរបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងជា ស្នងការនគរបាលខេត្តតាកែវ ជំនួសលោកឧត្តមសេនីយ៍ទោ សុខ សំណាង ដែលត្រូវទទួលបានតួនាទីថ្មីជាអគ្គនាយករង។
ការដោះដូរស្នងការបន្ទាន់នេះ កើតឡើងបន្ទាប់ពីផ្ទុះរឿងអាស្រូវដ៏រសើប គឺបក្សពួកមេបនល្បែងស៊ីសងខុសច្បាប់ជាច្រើននាក់ ប្រដាប់ដោយដំបង និងកាំបិទ បានបើកការវាយប្រហារយ៉ាងចាស់ដៃ លើអ្នកកាសែត ចំនួន០៩នាក់ ប្លន់យកទ្រព្យសម្បត្តិអស់ជាច្រើន នៅចំណុចផ្លូវចូលទីតាំងបនល្បែងស៊ីសងខុសច្បាប់ស្ថិតនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៦ តុលា ២០២១។
បន្ទាប់ពីកើតហេតុ មកដល់ពេលនេះ កម្លាំងនគរបាលក្រោមបញ្ជា លោក សុខ សំណាង អតីតស្នងការ មិនបានឃាត់ខ្លួនជនបង្កណាម្នាក់ឡើយ ទោះបី ឯកឧត្តមព្រះរាជអាជ្ញាខេត្តតាកែវ បានចេញដីការបង្គាប់អោយបើកការស៊ីបអង្កេត កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១មកម្លេះ ក៏ជនរងគ្រោះ៦នាក់ មិនទាន់ត្រូវបានកោះហៅអោយចូលបំភ្លឺដែរ គឺអូសបន្លាយពេលវេលា មិនដឹងថា មានអាថ៌កំបាំងអ្វី នៅពីក្រោយអតីតស្នងការ សុខ សំណាង ទើបបណ្តាលអោយផ្ទេរចេញបែបនេះ។
តាមរយៈ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បងប្អូនអ្នកកាសែតរងគ្រោះ សូមសំណូមពរ លោកឧត្តមសេនីយ៍ទោស្នងការថ្មី ឯកឧត្តម ព្រះរាជអាជ្ញា ប្រធានសាលាដំបូងខេត្តតាកែវ ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ភ្នំពេញ ជាពិសេសបំផុត ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមមេត្តាជួយពន្លឿននីតិវិធី ចាត់ការជនបង្កតាមច្បាប់ និងផ្តល់យុត្តិធម៌ជូនពូកគាត់ឆាប់ៗៗៗ៕