នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ អតីត មិត្តភក្តិរួមជំនាន់សាលាបាក់ទូកមួយក្រុម ដែលនាំមុខដោយ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំគ្នាទៅសួរ សុខទុក្ខ លោក ជា សុខុន ជាអតីតមិត្តរៀនសាលាបាក់ទូករួមជំនាន់ជាមួយគ្នា ដែលមានជំងឺដោយមិនដឹងខ្លួនគឺ កកខ្លាញ់ក្នុងសសៃឈាមបេះដូង ដែលកំពុងសម្រាកព្យាបាលជំងឺដោយវះកាត់នៅមន្ទីរពេទ្យព្រះកេតុមាលា ហៅ ពេទ្យ១៧៩។
ជាក់ស្តែងលោក ជា សុខុន ដែលធ្លាក់ខ្លួនឈឺនាពេលនេះគឺទទួលបានការយកចិត្តទុកដាក់ព្រួយបារម្ភពីមិត្តប្រកបដោយមនោសញ្ចេតនាស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅ ហើយ មិត្តភក្តិម្នាក់ៗ បានរួមគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួន តាមលទ្ធភាពសរុបបានថវិកាចំនួន១២លានរៀល ស្មើនឹង ៣,០០០ដុល្លារ ភេសជ្ជៈចំនួន១០កេស និងផ្លែឈើ១កន្ត្រក ប្រគល់ជូនលោក ជា សុខុន ទុកជាការជួយសម្រាលបន្ទុកព្យាបាលដល់គ្រួសារលោកផងដែរ។
កាយវិកា យកចិត្តទុកដាក់ព្រួយបារម្ភពីមិត្តភក្តិរបស់ អតីតសិស្សសាលាបាក់បាក់ទូកមួយក្រុមនេះ គឺតែងតែធ្វើឡើងជាញឹកញាប់អស់រយៈពេលជាច្រើនឆ្នាំមកហើយ តាមរយៈការចងក្រងជាក្រុម ក្នុងបណ្តាញទំនាក់ទំនងសង្គមWhatsApp មានចំនួនជាង200នាក់ ក្រោមការផ្តួចផ្តើមរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដើម្បីធ្វើការទំនាក់ទំនងសួរសុខទុក្ខគ្នា ផ្តល់កម្លាំងចិត្តឲ្យគ្នា និងជួយគ្នា ទៅវិញទៅមក ជាពិសេសគឺរួមគ្នា បរិច្ចាគធនធានផ្ទាល់ខ្លួនកសាងសមិទ្ធិផលក្នុងសាលា ជូនដល់អតីត លោកគ្រូអ្នកគ្រូ ក្នុងឱកាសជួបជុំគ្នាក៏ដូចជាពេលពួកគាត់ជួបទុក្ខលំបាក និងបរិច្ចាគធនធានជួយគ្រប់មិត្តដែលមានទុក្ខលំបាក ហើយខ្វះលទ្ធភាពដោះស្រាយ រហូតក្លាយទៅជា វប្បធម៌ សាមគ្គីមួយ សម្រាប់ពួកគាត់ ក្នុងការរួបរួម យកចិត្តទុកដាក់ជួយគ្នាគ្រប់ពេលមានទុក្ខលំបាក និងបង្កើតបានជា ពាក្យស្លោកប្រចាំក្រុមមួយថា “សាមគ្គី មិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក ” ៕
#PhnomPenhGRK