យោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្តីពី ការក្រើនរំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២១ នឹងបិទបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ខាងមុខ ។
សេចក្តីជូនដំណឹងបានឱ្យដឹងថា ម្ចាស់យានយន្តដែលមានគម្រោងប្រកាសពន្ធលើយានជំនិះរបស់ខ្លួន ត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ប័ណ្ណសម្គាល់យានយន្ត និងវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសយានយន្ត ចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវទៅប្រកាសពន្ធនៅសាខាពន្ធដារ ខេត្ត-ខណ្ឌ និងនៅតាមធនាគារជាដៃគូ ។
ដោយឡែកយានយន្ដដែលជាកម្មសិទ្ធិរបស់ស្ថានទូត ស្ថានកុងស៊ុល អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការ បច្ចេកទេសរបស់រដ្ឋាភិបាលបាល ត្រូវស្នើសុំអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតបត្របង់ពន្ធ ដែលពន្ធជាបន្ទុករបស់រដ្ឋ ។
ចំពោះរថយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតបត្រព័ន្ធលើមធ្យោបាយដឹកជញ្ជួន និងយានយន្តគ្រប់ប្រភេទ (ពន្ធជាបន្ទុករបស់រដ្ឋ) ឬ(បង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្តទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
សេចក្តីជួនដំណឹងខាងលើ បានគូសបញ្ជាក់ថា ក្នុងករណីខកខានមិនបានបង់ពន្ធ ទាន់ពេលវេលាកំណត់ខាងលើទេម្ចាស់យានយន្ត នឹងត្រូវទទួលរងនូវទោសទណ្ឌតាមច្បាប់ស្តីពីសាពើពន្ធជាធរមាន ។
បន្ទាប់ពីការបិទបញ្ចប់ ការប្រមូលពន្ធនៅថ្ងៃទី ៣០ វិច្ឆិកា ឆ្នាំ ២០២១ អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសស នគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា៕