ភ្នំពេញ៖ ឯកឧត្ដម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅលើទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានលើកឡើងថា៖ ចង់បានតុល្យភាពព័ត៌មាន លុះត្រាតែគូភាគីក្នុងសាច់រឿងផ្តល់ព័ត៌មានជូនដល់អ្នកសារព័ត៌មានបានគ្រប់ជ្រុងជ្រោយ។
ឯកឧត្ដមបានបន្តថា ពេលខ្លះអ្នកសារព័ត៌មានពិតជាមានការលំបាក ដោយសារតែទាក់ទងទៅកាន់ភាគីពាក់ព័ន្ធក្នុងសាច់រឿងគេមិនបានសហការក្នុងការផ្តល់ព័ត៌មាន ទើបសម្រេចចិត្តផ្សាយចេញ ហើយរង់ចាំការបកស្រាយពីភាគីម្ខាងទៀតតាមក្រោយ។ សាច់រឿងខ្លះបើមានការពាក់ព័ន្ធជាមួយនឹងមន្ត្រី អាជ្ញាធរ អស់លោកមន្ត្រីខ្លះ ពេលអ្នកសារព័ត៌មានហៅទូរស័ព្ទទៅសួរនាំសុំការបកស្រាយបំភ្លឺ គាត់បែរជាមិនជាមិនឆ្លើយតប ឬក៏ឆ្លើយទាំងពាក្យសំដីមិនសមរម្យ។ល។ នេះហើយដែលជាផលលំបាករបស់អ្នកសារព័ត៌មានបានជួបប្រទះ។
ឯកឧត្ដមបានបន្តលើកឡើងទៀតថា មិនដាក់ការបន្ទោសខាងមន្ត្រីទេ ជួនកាលមកពីអ្នកសារព័ត៌មានខ្លះ គាត់បង្កការរំខានដល់មន្ត្រីច្រើនពេក ធ្វើឲ្យមន្ត្រីមានការធុញទ្រាន់ ។ បែបហ្នឹងច្រើនតែ អ្នកសារព័ត៌មានខ្វះវិជ្ជាជីវ: ខ្លះបានយកតួនាទីជាអ្នកសារព័ត៌មានទៅប្រើខុសសាច់រឿង។
ជាមួយគ្នានោះ ឯកឧត្ដម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអំពាវនាវសូមឲ្យអ្នកសារព័ត៌មានប្រកបការងាររបស់ខ្លួនដោយឈរលើក្រមសីលធម៌ និងវិជ្ជាជីវ:ឲ្យបានត្រឹមត្រូវ ហើយក៏សូមមន្ត្រីអាជ្ញាធរចាត់ទុកអ្នកសារព័ត៌មាន ជាដៃគូសហការដ៏ល្អមិនអាចខ្វះបានក្នុងការផ្សព្វផ្សាយជូនសាធារណជនបានដឹងឮ៕