ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃ ១៣ ខែតុលា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងលោក ឈឺន សុធន អភិបាល នៃគណៈអភិបាលស្រុកបសេដ្ឋ អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង អធិការនគរបាលស្រុកបសេដ្ឋ និងបំពាក់ឋានន្ដរស័ក្ក ជូនដល់មន្ដ្រីកងកម្លាំងក្រោមឱវាទ ។ ពិធីនេះ បានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាស្រុកបសេដ្ឋ ដោយបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនទៅតាមវិធានសុខាភិបាល។
បន្ទាប់ពីលោកអធិការ ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី ឡើងធ្វើការសន្យាប្តេជ្ញាចិត្តជូន គណៈអធិបតី ព្រមទាំងអង្គពីធីរួចមក លោក ឈឺន សុធន អភិបាលស្រុកបសេដ្ឋ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ដ បានមានប្រសាសន៍ចូលរួមអបអរសាទរលោកអធិការថ្មី ដោយបានគូសបញ្ជាក់ថា ការផ្លាស់ប្តូរតំណែងនៅពេលនេះ គឺជាក្រិតក្រម នៃការអនុវត្តការងារដែលចាំបាច់គេចមិនផុតពីការផ្លាស់ប្តូររបស់មន្ត្រីថ្នាក់ដឹកនៅតាមអង្គភាព ដែលជាផ្នែកមួយ នៃកំណែទម្រង់របស់នគរបាលជាតិ ដើម្បីអោយមានការបោះជំហានទៅមុខ ឆ្លើយតបភាពជាក់ស្តែងនូវតម្រូវការការងារ ហើយក៏ឱកាស និងបទពិសោធន៍ចំពោះមន្ត្រីនគរបាលជាតិផងដែរ។
លោកស្នងការ បានប្រកាសគាំទ្រ និងឯកភាពនៅការសន្យាប្តេជ្ញាចិត្តរបស់លោកអធិការថ្មីដែលទើបប្រកាសឡើងកាន់តំណែងថ្មី ហើយអ្វីដែលជាបញ្ហាសំខាន់ គឺការដឹកនាំអង្គភាពអោយមានវឌ្ឍនភាព មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំរើអោយការងារដឹកនាំបញ្ជា ពិសេសការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិ កន្លងមកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានរងនូវភាពអរិយភាពរវាងគ្នានិងគ្នាដោយការដឹកនាំគ្មាន ការសាមគ្គីភាពនិងការចូលរួមពីកងកម្លាំងក្រោមឱវាទ ពិសេសកត្ដាសមត្ថភាព របស់ថ្នាក់ដឹកនាំតែម្ដង អាកប្បកិរិយា សិល្បៈនៃការដឹកនាំ និយាយរួមការដឹកនាំគឺដោយភាព អាត្មានិយម អន្ដោម័តមិនយកគំនិតយោបល់រួមជាធំដោយការអាងអំណាចនិងបុព្វសិទ្ធិរបស់ខ្នងបង្អែកដែលបានជួយជ្រោមជ្រែងបានតួនាទីមុខតំណែងកន្លងមករហូតមានការប្ដឹងផ្ដល់ចុះកាសែតហែកហួរពីសំណាក់កូនចៅ មន្ត្រីថ្នាក់ក្រោម។