ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យឃ្លាំងពាណិជ្ជកម្ម ១កន្លែង ស្ថិតនៅចំណុចភូមិត្រពាំងចា ឃុំក្រឡា ស្រុកកំពង់សៀម ដែលត្រៀមរៀបចំធ្វើជាមណ្ឌលព្យាបាលអ្នកជម្ងឺកូវីដ ១៩ កម្រិតស្រាល ក្នុងឱកាសបានជម្រុញដល់ក្រុមការងារបច្ចេកទេស ធ្វើយ៉ាងណា ពន្លឿនការងារនេះ ឲ្យរួចរាល់ មុនថ្ងៃទី២០ ខែកញ្ញា នេះ ដើម្បី បញ្ជូនអ្នកជម្ងឺកូវីដ ១៩ កម្រិតស្រាល ដែលកំពុងសម្រាកព្យាបាល នៅវិទ្យាល័យព្រះសីហនុ មកសម្រាកព្យាបាលនៅទីនេះវិញ ក៏ព្រោះតែ វិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ត្រូវប្រគល់ឲ្យទៅសាលាគ្របគ្រង ដើម្បី បើកឲ្យដំណើរការសិក្សាជូនក្មួយៗសិស្សានុសិស្សឡើងវិញ ។
សូមរំលឹកថា ឃ្លាំងពាណិជ្ជកម្មនេះ មានចំនួន ០៣អគារ ក្នុងមួយអគារៗ អាចដាក់អ្នកជម្ងឺ បានចំនួន ២៥០នាក់ សរុបទាំង ០៣អគារ អាចដាក់អ្នកជម្ងឺកូវីដ ១៩ បានសរុបចំនួន ៧៥០នាក់ ។
សូមជម្រាបថា នាបច្ចុប្បន្ននេះ ក្រុមការងារបច្ចេកទេស កំពុងរៀបចំទីតាំង នៃឃ្លាំងខាងលើ ជាពិសេស ការសម្រុករៀបចំតបណ្តាញភ្លើង ប្រព័ន្ធទឹក បង្គន់អនាម័យ ប្រព័ន្ធបង្ហូរទឹក បន្ទប់ពេទ្យ និងបន្ទប់ព្យាបាល ជាដើម ដោយយកចិត្តទុកដាក់ និងយ៉ាងមមាញឹកបំផុត ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម