ខេត្តតាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណសួនច្បារមាត់បឹងខេត្តតាកែវ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីប្រកាសទទួលស្គាល់ខេត្តតាកែវ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលមានសមាសភាពអញ្ជើញចូលរួម សរុបប្រមាណ ១ ៤១៦នាក់។
យោងតាមរបាយការណ៍ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានបង្ហាញថា ក្នុងខេត្តតាកែវមានគ្រួសារទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទកម្រិតមូលដ្ឋានមានចំនួន ២១០ ១២១គ្រួសារ ស្មើនឹង ៩៤,៨៥% និង ខ្នងផ្ទះដែលមានបង្គន់អនាម័យប្រើប្រាស់ ១០០% ក្នុងនោះខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួនចំនួន ២០៩ ៣០៨ខ្នងផ្ទះ ស្មើនឹង ៩៤,៤៩% និងប្រើប្រាស់បង្គន់រួមចំនួន ១២ ២០០ខ្នងផ្ទះ ស្មើនឹង ៥,៥១% ជាពិសេសខ្នងផ្ទះដែលមានកន្លែងលាងដៃនឹងសាប៊ូស្មើនឹង ១០០% និងខ្នងផ្ទះទុកដាក់ទឹកសម្រាប់ផឹកមានសុវត្ថិភាពស្មើនឹង ១០០%។
បន្ទាប់ពីស្តាប់នូវមតិស្វាគមន៍និងរបាយការណ៍សមិទ្ធផលរបស់ឯកឧត្ដមអភិបាលខេត្តតាកែវ និងរបាយការណ៍បញ្ជាក់ពីការបន្តគាំទ្រនិងសហការជួយចូលរួមជំរុញការងារអនាម័យជនបទរបស់អង្គការផ្លេនអន្តរជាតិ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តតាកែវសម្រេចបាន នាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្ត នាពេលនេះ។
ឯកឧត្ដមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា អង្គពិធីដ៏អធិកអធមនេះ អាចប្រព្រឹត្តទៅបានដោយសារគុណនៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទេសឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញនៅទូទាំងប្រទេស។ ឯកឧត្ដមរដ្ឋមន្ដ្រី បានបន្តលើកឡើងថា បច្ចុប្បន្នក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយនឹងសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០។
សូមជម្រាបជូនផងដែរថា នៅត្រឹមពេលនេះ មានខេត្តចំនួន ១៣ ហើយ ដែលសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលរួមមាន៖ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី ខេត្តសៀមរាប ខេត្តត្បូងឃ្មុំ រាធានីភ្នំពេញ (ODF Plus) និងខេត្តតាកែវ ជាខេត្តទី១៣ ដែលប្រារព្ធពិធីនាឱកាសនេះ ហើយក្រសួងនឹងធ្វើពិធីប្រកាសខេត្ត ODF ចំនួន ១ខេត្តទៀត គឺខេត្តស្ទឹងត្រែង នៅពាក់កណ្តាលខែធ្នូនេះ ដែលនឹងធ្វើឱ្យចំនួនរាជធានី ខេត្ត ODF កើតឡើងដល់ ១៤ ក្នុងចំណោមរាជធានី ខេត្ត ទាំង ២៥ នៅកម្ពុជា៕