ពោធិ៍សែនជ័យ៖ ប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា ល្បែងមាន់ជល់អនឡាញនិងឆ្នោតឡូតូ នៅតែរីកសាយពាសពេញក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ ទោះបីមានការរឹតបណ្តឹងពីប្រមុខរាជរដ្ឋាភិបាលយ៉ាងណាក្តី។
ជាក់ស្តែងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មានបានចុះទៅទីតាំងបើកលេងល្បែងទាំងអស់នោះរួមមាន៖
១.នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ១ មានចំនួន ៥ទីតាំង
២.នៅក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ មាន១ទីតាំង
៣.នៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង មាន១ទីតាំង
៤.នៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ មានចំនួន២ទីតាំង។ ឃើញថាកំពុងតែមានសកម្មភាពក្រុមញៀនល្បែងចេញចូល លេងយ៉ាងអាណាធិប្បតេយ្យ ប៉ុន្តែហាក់ដូចជាទទួលបាននូវការរក្សាភាពស្ងៀមស្អាត់ពីកម្លាំងអាជ្ញាធរមានសមត្ថកិច្ចក្នុងខណ្ឌពោធិ៍សែនជ័យ។ ប្រភពដដែលបន្តថា មូលហេតុនៃការមិនហ៊ានបង្ក្រាបនេះដោយសារកន្លែងបើកល្បែងនេះសង្ស័យ មានខ្នងបង្អែកគ្រាក់ៗប្រគល់ស្មាឲ្យផ្អែកពីក្រោយ និងអាចថាមានការត្រូវរូវគ្នាផងដែរ ទើបគ្មានអ្នកណាហ៊ានបង្ក្រាបនោះឡើយ ក្នុងដែនសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ។
ទាំងនេះជាការលើកឡើងរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ដោយឡែកអង្គភាពសារព័ត៌មានយើងមិនទាន់បានសុំការបកស្រាយបំភ្លឺពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធនិងល្បែងមាន់ជល់អនឡាញ និងឆ្នោតឡូតូ ជាច្រើនទីតាំងខាងលើនេះនៅឡើយទេ រហូតមកដល់ម៉ោងចេញនេះនេះ។
ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យសង្ឃឹមថាអាជ្ញាធរខណ្ឌ ជាពិសេសឯកឩត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធ នឹងមានចំណាត់ការពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ទាំងនេះឲ្យមានប្រសិទ្ធិភាព ផ្តល់ភាពកក់ក្តៅជូនពលរដ្ឋ។
គួររំលេចថាថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ជំរុញឲ្យមានការបង្ក្រាបនូវល្បែងស៊ីសងខុសច្បាប់ និងគ្រឿងញៀននៅតាមមូលដ្ឋាន ដើម្បីជំរុញដល់ការអនុវត្តឲ្យបានជោគជ័យនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ក្នុងនោះការកើតមាននូវល្បែងស៊ីសងខុសច្បាប់ក្នុងមូលស្ថាន បង្កើតឲ្យមានអំពើជួញដូរមនុស្ស ហិង្សាក្នុងគ្រួសារ អំពើចោរកម្ម គ្រឿងញៀន បង្កភាពអសន្តិសុខក្នុងមូលដ្ឋាន និងប្រទេសជាតិ៕