(ខេត្តកែប)៖ នៅរសៀលចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញ ជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សា ក្រុងកែប ខេត្តកែប អាណត្តិទី៣ ។
អញ្ជើញចូលរួមក្នុងធិធីនេះមាន លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំង៣ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយក នាយក ទីចាត់ការ ចំណុះសាលាខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ប្រធានការិយាល័យចំណុះសាលាក្រុង ចៅសង្កាត់ សរុបប្រមាណ ៩៦នាក់។
ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុងកែប អាណត្តិទី៣នេះ មានចំនួនសមាជិកចំនួន១៣រូប ស្រី ០២រូប ដែលមានលោក អិុន ស៊ុន ជាប្រធាន។
បន្ទាប់ពីប្រកាសអនុក្រឹត្យតែងតាំង លោក អ៊ិន ស៊ុន ប្រធានក្រុមប្រឹក្សាក្រុងកែប បានឡើងប្តេជ្ញាចិត្តដូចខាងក្រោម៖
១-គោរព និងប្រតិបតិ្តដោយភក្តីភាពចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងប្រជាពលរដ្ឋ សូមគោរពប្រតិបតិ្តរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជក្រិត្យ អនុក្រឹត្យ ច្បាប់ និងលិខិតបទដ្ឋានគតិយុតិ្តនានាជាធរមាន ការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណតិ្តទី៦ លើកកម្ពស់ប្រសិទ្ធភាពក្នុងការធ្វើ និងអនុវត្តសេចក្តីសម្រេចប្រកបដោយអភិបាលកិច្ចល្អៗ។
២-ខិតខំពង្រឹងរដ្ឋបាលឯកភាព ដើម្បីឱ្យរដ្ឋបាលនេះអាចម្ចាស់ការបានក្នុងការគ្រប់គ្រងការចាត់ចែងមុខងារ និងធនធានហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បតិ្ត និងមានសមត្ថភាពក្នុងកិច្ចការសម្របសម្រួល ប្រកបដោយប្រសិទ្ធភាព លើសកម្មភាពនៃការផ្តល់សេវាធាធារណៈនិងការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
៣-ពង្រឹងសាមគ្គីភាពផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាលក្រុង និងមន្ត្រីបុគ្គលិក ព្រមទាំងពង្រឹងនិងលើកកម្ពស់ទំនាក់ទំនងល្អជាមួយក្រុមប្រឹក្សាតាមប្រភេទ ក្រសួងស្ថាប័ន មន្ទីរអង្គភាព ការិយាល័យក្នុងដែនសមត្ថកិច្ច ដើម្បីសុខដុមនីយកម្មលើទិដ្ឋភាពនយោបាយនិងរដ្ឋបាល សំដៅរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចដ៏រឹងមាំ ខ្លាំងក្លា ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។
ក្នុងឱកាសនេះ លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងអបអរសាទរកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាក្រុងកែប ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាក្នុងសង្កាត់ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្តកែប ឲ្យបន្តរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ដោយត្រូវតែខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ និងមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ៕