កំពង់ស្ពឺ ៖ អ្នកវិនិយោគផ្នែករោងចក្រ សហគ្រាស នៃសាធារណរដ្ឋប្រជាមានិតចិន គ្រោងមកបង្កើតរោងចក្រ សហគ្រាសចំនួន ២៥កន្លែងបន្ថែមទៀត នៅក្នុងខេត្តកំពង់ស្ពឺ ដែលមានតម្រូវការកម្លាំងពលកម្មប្រមាណជា ២៣០០០កន្លែង លើតម្រូវការសរុបប្រមាណជាង ៥០,០០០កន្លែង នៅចុងឆ្នាំ២០២៣។ នេះបើយោងតាមការឱ្យដឹងពី លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងឱកាសដឹកនាំប្រតិភូខេត្តជួបពិភាក្សាការងារ និងពិនិត្យច្រវ៉ាក់ផលិតកម្មតាមបណ្តារោងចក្រ សហគ្រាស នៅខេត្តក្វាងចូវ សាធារណៈរដ្ឋប្រជាមានិតចិន ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។
លោក វ៉ី សំណាង បានឱ្យដឹងថា ក្នុងដំណើរបំពេញបេសកកម្មនៅឯខេត្តក្វាងចូវ គណៈប្រតិភូបានជួបពិភាក្សាការងារ និងទស្សនៈកិច្ចផ្ទាល់នៅតាមបណ្តាសួនឧស្សាហកម្មធំៗ មានដូចជា ១. សួនឧស្សាហកម្ម SITOY GROUP ស្ថិតនៅសង្កាត់ ហូវ ជៀក ក្រុងតុងហ្គ័ន (មាន ៤រោចក្រ សហគ្រាស) ដែលកំពុងផលិតកាបូបម៉ាកយីហោល្បីៗសម្រាប់នាំចេញទៅក្រៅប្រទេស ហើយម៉ាកយីហោទាំងអស់ នឹងត្រូវទៅបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ។
លោក TERAS YEUNG អគ្គនាយកក្រុមហ៊ុន SITOY GROUP បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកប្តេជ្ញាដោយភាពជឿជាក់ និងទៅបង្កើតសាខានៅខេត្តកំពង់ស្ពឺចំនួន ២រោងចក្រ ដោយផលិតកាបូបម៉ាកល្បីៗដែលមានតម្រូវការកម្លាំងពលកម្មជំហានដំបូងចំនួនប្រមាណ ៣,០០០កន្លែង។
២. នៅសួនឧស្សាហកម្ម ហុង អ៊ី (មាន៦រោងចក្រ សហគ្រាស) កាត់ដេរលើផ្នែកសម្លៀកបំពាក់។ ប្រធានរោងចក្រសហគ្រាសទាំងនេះក៏នឹងត្រូវទៅបង្កើតសាខានៅខេត្តកំពង់ស្ពឺផងដែរ ដែលនឹងមានតម្រូវការកម្លាំងពលកម្មជំហានដំបូងប្រមាណ ៦,០០០កន្លែង។
៣. សួនឧស្សាហកម្ម ហ្វីចូវ (មាន៤៤រោងចក្រ សហគ្រាស) ជារោងចក្រ ផលិតសម្លៀកបំពាក់ និងតម្បាញ, ផលិតស្បែកជើង, គ្រឿងបង្គុំអេឡិចត្រូនិក, ស្រោមទូរសព្ទ និងស្គ្រីនទូរសព្ទ, ជ្រលក់ពណ៌ក្រណាត់។ សួនឧស្សាហកម្មនេះមានរោងចក្រ សហគ្រាសចំនួន ១៧ ដែលនឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺ ដោយមានតម្រូវការកម្លាំងពលកម្មជំហានដំបូងប្រមាណ ១៤,០០០នាក់។
លោក វ៉ី សំណាង បានលើកឡើងដោយគូសបញ្ជាក់ថា ការសម្រេចចិត្តរបស់អ្នកវិនិយោគទាំងអស់នៅក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូខេត្តកំពង់ស្ពឺ បានបង្ហាញឱ្យឃើញពីការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ ដែលធ្វើឱ្យមានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ៕