(ខេត្តកំពត)៖ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ដកំពត រីករាយ និងសូមស្វាគមន៍ចំពោះសមាជិកថ្មីចំនួនជិត១.០០០ នាក់ ដែលបានស្ម័គ្រចូលរួមក្នុងជីវភាពនយោបាយរបស់បក្ស និងបានស្នើសុំឲ្យសមាជិកថ្មីទាំងអស់ ត្រូវលើកកម្ពស់មនសិការស្នេហាជាតិ មានវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុងបក្ស ប្រកាន់ជំហរភាពស្មោះត្រង់បក្ស ដោយសមូហភាពដឹកនាំម្នាក់ៗទទួលខុសត្រូវដើម្បីរួមដំណើរជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍន៍មូលដ្ឋាន និងសង្គមជាតិ។
ថ្លែងក្នុងពិធីបញ្ចូលសមាជិកថ្មីក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត មានចំនួន៩៨៥នាក់ កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២០ លោក ជាវ តាយ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ដកំពតបានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាមួយតែប៉ុណ្ណោះ ដែលមានកម្លាំងស្នូល ជាបង្អែកដ៏រឹងមាំរបស់ប្រជាជន ដោយបានរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ដោយគណបក្សប្រជាជនកម្ពុជា បានឆ្លងកាត់នូវបទពិសោធន៍ជាច្រើន នឹងបណ្ដាសមិទ្ធផលដ៏វិសេសវិសាល ក្នុងរយៈពេល ៤០ឆ្នាំកន្លងទៅនេះ ដោយផ្ដើមចេញពីជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ប្រទេសជាតិយើងបានអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធ្វើឲ្យមានការរីកចម្រើន ប្រកបដោយចីរភាព បរិយាប័ន សមធម៌ ដោយសម្រេចបាននូវការផ្លាស់ប្ដូរសង្គមយ៉ាងធំធេងពុំអាចនឹកស្មានដល់។
កម្ពុជាបានប្រែក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍ ប៉ុលពត ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីគំនរផេះផង់ ទៅជាទឹកដីដែលមានសន្តិភាព ឯកភាព ស្ថេរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ធ្វើឲ្យប្រជាជនគ្រប់រូបបានរស់នៅប្រកបដោយក្ដីសង្ឃឹមយ៉ាងសុខដុមរមនាក្រោមដំបូល នៃរដ្ឋធម្មនុញ្ញតែមួយ នឹងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ ពិសេសក្នុងដំណាក់កាលថ្មីនៃប្រទេសជាតិ ជួបវិបត្តិជាសកលនៃជំងឺឆ្លង កូវីដ១៩ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខ បានធ្វើចំណាត់ការដោះស្រាយប្រកបដោយប្រសិទ្ធភាព ពុំមានប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយជំងឺដ៏កាចសាហាវនេះឡើយ។
ដូច្នេះដើម្បីជាការឆ្លើយតប ចំពោះគុណបំណាច់របស់សម្ដេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព ស្ថេរភាព និងសមទ្ធិផល ដោយការលះបង់អាយុជីវិត សាច់ស្រស់ ឈាមស្រស់ធ្វើជាដើមទុន លោក ជាវ តាយ បានស្នើសុំដល់សមាជិកសមាជិកា ពិសេសសមាជិកដែលទើបតែបញ្ចូលថ្មីនេះត្រូវតែមានភាពស្មោះត្រង់ និងខិតខំប្រតិបត្តិ រក្សាទំនាក់ទំនងល្អ ជាមួយប្រជាជន នឹងខិតខំថែរក្សាសាមគ្គី ឯកភាពផ្ទៃក្នុង លើកកម្ពស់សមត្ថភាព និងគុណធម៌ ដើម្បីសម្រេចភារកិច្ចជូនជាតិ មាតុភូមិ៕