(ខេត្តកំពត)៖ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដោយពិធីនោះក័មានការអញ្ជើញចូលរួមពី លោកអនុប្រធានក្រុមការងារថ្នាក់ជាតិ លោក លោកស្រី ប្រធានក្រុមការងារចុះមូលដ្ឋានថ្នាក់ក្រុង ស្រុក និងសមាជិក សមាជិកាក្រុមការងារគ្រប់ជាន់ថ្នាក់នៃខេត្តកំពត។
នៅក្នុងកិច្ចប្រជុំនេះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានមានប្រសាសន៍សំណេះសំណាលនិងផ្តល់យោបល់ដល់សមាជិក សមាជិការ ដោយលោកបានជំរុញឲ្យអនុវត្តតាមទិសដៅសំខាន់ៗតាមមូលដ្ឋានដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ។
លើសពីនេះ លោកប្រធានបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី ជាពិសេសជូនចំពោះ លោកអភិបាលខេត្តកំពត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលបានខិតខំដឹកនាំក្រុមការងារបានយ៉ាងល្អក្នុងពេលកន្លងមក។
លោកទេសរដ្ឋមន្ត្រីក៏បានលើកឡើងផងដែរថា ក្នុងខណៈនេះរាជរដ្ឋាភិបាលប្រើប្រាស់មូលនិធិបម្រុង សម្រាប់ការបើកប្រាក់ខែ ជូនមន្ត្រីរាជការ និង ឧបត្ថម្ភសាច់ប្រាក់ដល់អ្នកដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ជាពិសេស អ្នកក្រីក្រ តាមរយៈការកំណត់ និងធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ។ ការកំណត់ និងការធ្វើបច្ចុប្បន្នភាព អត្តសញ្ញាណកម្មគ្រួសារក្រីក្រនេះ ស្នើសុំក្រុមការងារ យកចិត្តទុកដាក់តាមដានត្រួតពិនិត្យ ដើម្បីឲ្យមានសុក្រិតភាព និងតម្លាភាព ហាមដាច់ខាតការដាក់សាច់ញាតិរបស់ខ្លួនដែលមិនមែនជាអ្នកក្រីក្រពិតប្រាកដ ប៉ុន្តែប្រជាពលរដ្ឋក្រីក្រងពិតប្រាកដមិនទទួលបាន ត្រូវអនុវត្តឲ្យបានតាមការណែនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ទន្ទឹមនឹងនេះដែរ លោកក៏បានណែនាំដល់ក្រុមការងារ បន្តធ្វើវេទិកាសាធារណៈតូចៗ និងចុះតាមខ្នងផ្ទះ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គម្លាតសង្គម និងការចែកម៉ាស់ដល់អ្នកចូលរួម ឲ្យបានគ្រប់។
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មិនមានសិទ្ធិក្នុងការសម្រេចជំនួសរដ្ឋបាលខេត្ត ក្រុង ស្រុកនោះទេ ពោលក្រុមការងារគឺជា អ្នកជួយណែនាំ ផ្តល់យោបល់ ក្រើនរំលឹកដល់តួនាទីភារកិច្ចរបស់រដ្ឋបាលនីមួយៗ ក្នុងការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលដំណាក់កាលទី៤ ឲ្យមានប្រសិទ្ធភាព ។
តាមរយៈស្មារតីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាពលេកន្លងមក ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឯកឧត្តមប្រធានបានស្នើសុំអាជ្ងាធរពាក់ព័ន្ធឆ្វៀលដីរដ្ឋ ដូចជាដីឧទ្យានជាតិ តំបន់ការពារ ដែលប្រជាពលរដ្ឋបានកំពុងរស់នៅរាល់ថ្ងៃ និងហាមដាច់ខាតមិនឲ្យមានការរំលោភបន្ថែមទៀតលើដីរដ្ឋនោះទេ។
ក្នុងឱកសនោះលោកប្រធានបាន ផ្តល់អំណោយជា អង្ករ ជូនរដ្ឋបាលខេត្ត និងក្រុង ស្រុក ក្នុងនោះរដ្ឋបាលខេត្តទទួលបានអង្ករ ៥តោន និង ក្រុង ស្រុកទទួលបាន អង្ករ១តោន ដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
ជាកិច្ចបញ្ចប់ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ជូនដល់មន្ត្រីរាជការមានស្នាដៃក្នុងខេត្តកំពតចំនួន ៦៧០នាក់ ជាការលើកទឹក ចិត្តក្នុងការអនុវត្តការកន្លងមក៕