(ខេត្តកំពត)៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ទ្រាក់ខូចខាតផ្ទះសំបែងចំនួន៣៣គ្រួសារ ស្ថិតនៅភូមិរពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានទទួលអំណោយសង្គ្រោះពី សាខាកាកបាទក្រហមខេត្តកំពត ហើយការផ្តល់អំណោយមនុស្សធម៌នេះ កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដែលដឹកនាំដោយ លោក ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្តកំពត។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត សមាជិក សមាជិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកអភិបាលស្រុកទឹកឈូ មន្ត្រីរាជការខេត្ត ស្រុកទឹកឈូ កងកម្លាំងប្រដាប់អាវុធ និងយុវជនស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជាផងដែរ។
ក្នុងពិធីនេះ លោក ជាវ តាយ បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត សូមចូលរួមសោកស្តាយចំពោះការបាត់បង់ផ្ទះសប្បែង ដោយសារគ្រោះធម្មជាតិ(ខ្យល់កន្ត្រាក់) ដោយករណីបែបនេះយើងមិនអាចដឹងហេតុការណ៍មុនបានទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ កើតឡើងជាយថាហេតុ។ជាមួយនឹងឱកាសនោះ លោកអភិបាលខេត្តបានណែនាំឲ្យប្រជាពលរដ្ឋចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងធ្វើអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានផ្សព្វផ្សាយជាប្រចាំ។
លោកបានបន្ថែមទៀតថា យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំខេត្ត នៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ចចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសការពាំនាំផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរជាប់ជាប្រចាំ ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយគ្មានរើសអើងពូជសាសន៍ ពណ៌សម្បុរឡើយ។
ជាថ្មីម្តងទៀត លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋខិតខំបង្កបង្កើនផលនៅដើមរដូវវស្សានេះ និងចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំ និងបន្លែជុំវិញផ្ទះ ដើម្បីបង្កើនចំណូលជីវភាពគ្រួសារ។
ក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្ត បាននាំយកនូវអំណោយចែកជូនប្រជាពលរដ្ឋទាំង ៣៣គ្រួសារ ក្នុងនោះ៖ គ្រួសារខូចខាតធ្ងន់ធ្ងរ (រំលំផ្ទះទាំងស្រុង) ចំនួន ០៥គ្រួសារ ក្នុង ០១គ្រួសារ ទទួលបាន៖ តង់កៅស៊ូ ១ អង្ករ ២៥គ.ក មី១កេះ ត្រីខ១យួរ ស្ករស១គ.ក ទឹកសុទ្ធ១កេះ និងថវិកាចំនួន ២០០.០០០រៀល។
ប្រជាពលរដ្ឋដែលខូចខាតផ្ទះមធ្យម ចំនួន ២០គ្រួសារ ក្នុង ០១គ្រួសារ ទទួលបាន៖ អង្ករ ២៥គ.ក មី១កេះ ត្រីខ១យួរ ស្ករស១គ.ក ទឹកសុទ្ធ១កេះ និងថវិកាចំនួន ៤០.០០០រៀល។
ចំណែកប្រជាពលរដ្ឋដែលខូចខាតផ្ទះតិចតួច ចំនួន ០៨គ្រួសារ ក្នុង ០១គ្រួសារ ទទួលបាន៖ អង្ករ ២៥គ.ក មី១កេះ ត្រីខ១យួរ ស្ករស១គ.ក ទឹកសុទ្ធ១កេះ និងថវិកាចំនួន ២០.០០០រៀល៕