(ខេត្តកែប)៖ នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ នេះ លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងលោក ងួន ប៊ៀន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកែប បានអញ្ជើញប្រគេនចង្ហាន់ និងនាំយកនូវទេយ្យវត្ថុដល់សមណសិស្ស នៅវត្តកំពង់ត្រឡាច និងវត្តភ្នំព្រួស ស្ថិតនៅសង្កាត់ព្រៃធំ ក្រុងកែប។
ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ វរៈសេនីយ៍ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី និងបងប្អូនប្រជាពលរដ្ឋជាពុទ្ធបរិស័ទផងដែរ។
លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គ្រប់ទីអារាមទាំងអស់នៅទូទាំងប្រទេស ទទួលបានការឧបត្ថម្ភជាទេយ្យទាន ថវិកាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជាប្រចាំ ដោយមិនឲ្យទីអារាមណាមួយ ខ្វះខាត ជួបការលំបាក ដោយអាជ្ញាធរមិនបានដឹងនោះឡើយ។
លោកអភិបាលខេត្តបានបន្តថា ដោយឡែក សម្រាប់ទីអារាមនៅខេត្តកែប ក៏មានការខ្វះខាតនៅស្បៀង និងសម្ភារៈសម្រាប់ផ្គត់ផ្គង់នៅទីអាមប្រចាំថ្ងៃផងនោះ លោកព្រមទាំងសហការីទាំងអស់ក៏នាំយកនូវទេយ្យទាន ថវិការ និងសម្ភារៈប្រើប្រាស់ប្រគេន ព្រះសង្ឃនៅវត្តចំនួនពីរនាថ្ងៃនេះ ដែលមានវត្តកំពង់ត្រឡាច និង វត្តភ្នំព្រួស ដែលស្ថិតនៅ ភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
ចំពោះទេយ្យទានដែលប្រគេនព្រះសង្ឃនាពេលនោះរួមមាន៖ អង្ករ មី ទឹកក្រូច ទឹកសុទ្ធ និងថវិការ ៣,០០០,០០០រៀល សម្រាប់ប្រគេនវត្តកំពង់ត្រឡាច និងថវិកា ៣,៣៦២,០០០រៀលប្រគេនវត្តភ្នំព្រួស។
ជាមួយនេះលោកក៏បាន មានប្រសាសន៍ទៅកាន់ព្រះសង្ឃ សមណសិស្សគ្រប់ព្រះអង្គ សូមចូលរួម ថែរក្សាវិស័យព្រះសាសនា ខិតខំប្រតិបត្តិតាមគន្លងធម៌វិន័យរបស់ព្រះពុទ្ធ និងដាច់ខាតជៀសឲ្យឆ្ងាយពីគ្រឿងញៀន។
ជាចុងបញ្ចប់ លោកក៏សូមឲ្យព្រះសង្ឃសមណសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានអនាម័យជាប្រចាំ និងអនុវត្តតាមវិធានការណែនាំនានា របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺផ្លូវដង្ហើមថ្មីកូវីដ១៩ និងជំងឺឆ្លងផ្សេងៗ ទៀត៕