(ខេត្តកំពត)៖ ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពតបានក្រើនរំលឹកជំរុញដល់អាជ្ញាធរនិង មន្ត្រីនៃមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ ដោះស្រាយរាល់ សំណើ សំណូមពរបញ្ហាកង្វល់ បញ្ហាប្រឈម នានាដែលនៅសេសសល់ ទទួលបានពីប្រជាពលរដ្ឋក្នុងវេទិកាសាធារណៈកន្លងមកឲ្យបានឆាប់រហ័ស។
នេះជាការលើកឡើងរបស់លោក ម៉ាន សុគ្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពត និងជារដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានថ្លែងជំរុញបែបនេះនៅក្នុងឱកាស កិច្ចប្រជុំបូកសរុបត្រួតពិនិត្យវាយតម្លៃលទ្ធផលការងាររបស់ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងកំពត ដើមឆ្នាំ២០២០ក្នុងឆមាសទី១និងទិសដៅអនុវត្តន៍បន្តឆមាសទី២ កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅសាលាក្រុងកំពតខេត្តកំពត។ ដែលកិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពត មន្ទីរ អង្គភាព ពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ចអាជ្ញាធរក្រុង និងសង្កាត់ទាំង៥ ដើម្បីត្រួតពិនិត្យ ពិភាក្សាលើលទ្ធផលការងារធ្វើយ៉ាងណា ជំរុញការដោះស្រាយរាល់សំណើ សំណូមពរ និងបញ្ហាកង្វល់ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ដែលនៅសេសសល់ របស់ប្រជាពលរដ្ឋបានលើកឡើងក្នុងអង្គវេទិកាសាធារណៈកន្លងមក។
លោក ម៉ាន សុគ្រី ក៏បានដាក់ទិសដៅនិងជំរុញបន្ថែម ដល់សមាជិក សមាជិកាក្រុមការងារ អាជ្ញាធរក្រុង និងសង្កាត់ទាំង៥នៃក្រុងកំពត ក្នុងនោះរួមមានបញ្ហាការបន្តសម្របសម្រួលទំនាក់ទំនងរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ បង្រួមបញ្ហា បង្កើនការដោះស្រាយតាមការជាក់ស្ដែង និងបន្តធ្វើវេទិកាសាធារណៈនៅគ្រប់ភូមិ ដោយផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្ថភាពឲ្យបានទូលំទូលាយ ព្រមទាំងសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីអភិវឌ្ឍនៅមូលដ្ឋាន ក្រុង សង្កាត់ឲ្យបានកាន់តែរីកចម្រើន និងបន្តដោះស្រាយសំណើសំណូមពរ បញ្ហាប្រឈមនានា ដោយរកគ្រប់មធ្យោបាយដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ។
ជាមួយគ្នានោះដែរក៏ត្រូវយកចិត្តទុកដាក់ជម្រុញណែនាំដល់ប្រជាពលរដ្ឋ រួមគ្នាថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ជាពិសេសសុខសន្តិភាព ស្ថេរភាព នឹងបន្តធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល ដើម្បីរក្សាបាននូវអនាម័យល្អ ដើម្បីការពារសុខភាពខ្លួន ជៀសផុតពីជំងឺផ្សេងៗពិសេសជំងឺកូវីដ១៩ ឱ្យបានជាប្រចាំទាំងអស់គ្នា ជៀសវាងកុំឱ្យមានកើតជំងឺដ៏កាចសាហាវនេះនៅក្នុងសហគមន៍យើងជាដាច់ខាត។
ជាមួយនេះ លោក ម៉ាន សុគ្រី ក៏បានផ្ដាំផ្ញើបន្ថែមដល់ អាជ្ញាធរ និងមន្ត្រីក្រុមការងារ ឲ្យបន្តយកចិត្តទុកដាក់សហការគ្នាតាមដាន ពិនិត្យលទ្ធភាព ដើម្បី ចូលរួមចំណែកជួយ ជីវភាពខ្វះខាតរបស់ប្រជាពលរដ្ឋ ដោយសារ រងផលប៉ះពាល់ ក្នុងស្ថានភាព នៃការទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ១៩ ក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា។
លោក ម៉ាន សុគ្រី ក៏បានកោតសរសើរវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលសមាជិក សមាជិកាក្រុមការងារគ្រប់ថ្នាក់គ្រប់ផ្នែកបានយកចិត្តទុកដាក់ចុះធ្វើវេទិកាសាធារណៈស្វែងយល់និងធ្វើការដោះស្រាយបានល្អ ទាន់ពេលវេលាពីតម្រូវការនិងសំណូមពរ ព្រមទាំងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋដើម្បីឆ្លើយតប ស្របទៅតាមគោលនយោបាយរាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភា ។
ក្នុងឱកាសនោះដែរ លោក ម៉ាន សុគ្រី និងសមាជិកក្រុមការងារក៏បាននាំយកនូវសៀវភៅ គម្ពីរអាល់កូរអាន បកប្រែជាភាសាខ្មែរ ដែលជាអំណោយរបស់ លោកទេសរដ្ឋមន្ត្រី អូស្មាន់ ហាសាន់ ប្រធានអង្គការមូលនិធិអភិវឌ្ឍឥស្លាមកម្ពុជា ផ្ដល់តាមរយៈឯកឧត្តមផ្ទាល់ក្នុងនោះ បកប្រែជាភាសាខ្មែរចំនួន ២៤០គម្ពីរ និងមួយចំនួនទៀតជាភាសាអារ៉ាប់សរុបចំនួនជាង៥០០គម្ពីរសម្រាប់បែងចែកជូនសាសនិកឥស្លាម ហាតុកឹមតួន នៅតាមសូរ៉ាវ ម៉ាស្ទិតក្នុងក្រុងកំពតនិងនៅមន្ទីរពន្ធនាគារខេត្តកំពត មួយចំនួនផងដែរ៕