កែប; នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណ: អភិបាល ខេត្តកែប បានអញ្ជើញជាអធិបតី ក្នុងពិធីបើកផ្ដល់ប្រាក់របបគោល នយោបាយគាំពារសង្គម ក្នុងសហ គមន៍ខេត្តកែប ដែលរៀបចំឡើងដោយ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកែប។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក វ៉ិត វាល់ដា អគ្គនាយករង នៃអគ្គនាយកដ្ឋាន ស្តារសម្បទា និងប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា តំណាងកំលាំងទាំងបី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មេភូមិ និងបងប្អូនជាជនមានពិការភាពចំនួន ២៣៩នាក់។
លោក ចាន់ សាម៉េង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានធ្វើរបាយការណ៍ឲ្យដឹងថា កន្លងមកក្រសួងសង្គមកិច្ច និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត បានធ្វើការបណ្តុះបណ្តាល ស្តីពីការ កំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ជូនដល់មន្ត្រីស្រុក/ក្រុង លោកមេឃុំ ចៅសង្កាត់ និងមន្ត្រីទទួលបន្ទុកកម្មវិធី ឃុំ/សង្កាត់ ក្នុងការរៀបចំ ទិន្ននយ័អត្តសញ្ញាណពិការភាពដែលមានលក្ខណះស្តង់ដារួមមួយតាមប្រពន្ធ័បច្ចេកវិទ្យា គ្រប់គ្រងព៌ត័មានពិការភាព សម្រាប់ជាមូលដ្ឋានកំណត់ក្រុមគោលដៅជនមានពិការភាព ក្នុងការលើកកម្ពស់សេវាគាំពារសង្គម និងការអភិវឌ្ឍដល់ជនមានពិការភាព ដើម្បីចូលរួម ចំណែកធ្វើអោយសម្រេចគោលដៅអភិវឌ្ឈន៏ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល។
លោកប្រធានបន្ថែមថា តាមរយះការសហការជាមួយអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការចុះសម្ភាសន៍ កំណត់អត្តសញ្ញាណកម្មជនមានពិការភាពទូទាំងខេត្ត ពីឆ្នាំ២០២១ រហូតមកដល់ ខែមីនា ឆ្នាំ២០២៣ នេះ សម្ភាសន៍បានចំនួន ៦២៨ នាក់ ស្រីចំនួន ២៩៤ នាក់ ពិការកម្រិតស្រាល ៣៥៧ នាក់, ពិការកម្រិតមធ្យមចំនួន ១១៣ នាក់ , ពិការកម្រិតធ្ងន់ បំផុត ១៥៨ នាក់ ។ ក្នុងនោះក្រសួងបានអនុម័តបោះពុម្ពប័ណ្ណចំនួន ៦២០នាក់ និងចេញប្រកាសទទួលស្គាល់ជនពិការ ដើម្បីទទួលបានរបបគោលនយោបាយ ចំពោះជនពិការក្រីក្រនៅសហគមន៍ និងបានបើកផ្តល់ប្រាក់លើកទី១នៅពេលនេះចំនួន ២៣៩ នាក់ ស្រី១២៧នាក់(ក្រុងកែបចំនួន១១០នាក់, ស្រុកដំណាក់ចង្អើរចំនួន ១២៩នាក់ ) ។ ជនមានពិការភាពដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភរយះពេល ៦ខែស្មើ ១២០,០០០រៀល ចំនួន ១២៦នាក់ និងទទួលប្រាក់ឧបត្ថម្ភរយះពេល ១២ ខែស្មើ ២៤០,០០០ រៀល ចំនួន១១៣នាក់ សរុបទឹកប្រាក់ដែលត្រូវចំណាយបើកជូនលើកទី១ សម្រាប់ឆ្នាំ ២០២២ ចំនួន ៤២,២៤០,០០០ រៀល ។
មានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានបញ្ជាក់ថា ក្រៅពីរបបគោលនយោបាយគាំពារសង្គម ចំពោះជនពិការក្រីក្រនៅសហគមន៍ ប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលយោបាយគាំពារសង្គមរួមមាន សុខុមាលភាព ជីវភាពរបស់ប្រជាពលរដ្ឋក្រីក្ររងគ្រោះ និងងាយរងគ្រោះជាក់ស្ដែងដូចជា ការចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញជូនប្រជាពលរដ្ឋការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម០២ឆ្នាំ, ការឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩, ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសំពាធ អតិផរណា ជាដើម។ ក្នុងនោះឯកឧត្តម ក៏បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ស្ថាប័នពាក់ព័ន្ធ ពិសេសលោក អភិបាលស្រុក /ក្រុង លោក មេឃុំ ចៅសង្កាត់ និងមន្ត្រីទទួលបន្ទុកអនុវត្តកម្មវិធី នៅឃុំ សង្កាត់ ភូមិ ត្រូវបន្តផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋ និងបន្តចុះសម្ភាសន៍ការកំណត់អត្តសញ្ញាណកម្មជូនជនមានពិការភាព ដើម្បីជាឧត្តមប្រយោជន៍របស់បងប្អូនជនមានពិការភាព៕