ខេត្តព្រៃវែង៖ប្រជាពលរដ្ឋក៏ដូចជាមហាជនដែលធ្វើដំណើរឆ្លងកាត់ស្ពានកំពុងខ្សាច់ ពួកគាត់បានទំនាក់ទំនងមកអង្គភាពសារព័ត៌មាន ជួយចុះផ្សាយ ដើម្បីឲ្យជ្រាបទៅដល់ស្ថាប័នក្រសួងពាក់ព័ន្ធថ្នាក់ជាតិ និងប្រមុខរាជរដ្ឋាភិបាលជួយចុះត្រួតពិនិត្យ លើសកម្មភាពរបស់បុគ្គលមានអំណាច ដែលកំពុងសាងងសង់លំនៅឋាន លូយចូលមាត់ព្រែក អោយបានទាន់ពេលវេលាផង ។ ព្រោះនៅតំបន់មាត់ព្រែក ដែលជាកន្លែងពួកគាត់ធ្លាប់អាស្រយ័ផល នេសាទដាក់ម៉ងនិងសន្ទូច ជារបរប្រចាំថ្ងៃដើម្បីបានកម្រៃខ្លះៗដោះស្រាយក្នុងកម្រិត ជីវភាពក្នុងគ្រួសារ សម្រាប់ចិញ្ចឹមជីវិតរបស់ពួកគាត់ ។
ព្រោះយើងដឹងហើយថា ទន្លេរ ស្ទឹង បឹង ព្រែក សមុទ្រ ជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋមិនអាចមាននរណាម្នាក់កាន់កាប់ សាងសង់ អាស្រ័យផលបានឡើយ។ ដោយឡែកលោកមេទាហានដែលមានអំណាចម្នាក់នៅក្នុងខេត្តព្រៃវែងបែរជាហ៊ានសាងសង់លំនៅឋានធ្វើព្រងើយ រំលោភបំពាន លើដៃព្រែកហាក់បីដូចជាមើលស្រាលច្បាប់ទម្លាប់ ប៉ុន្តែអស់លោកអាជ្ញាធរហាក់មិនអើពើ ហាមឃាត់ ឬទប់ស្កាត់ទាល់តែសោះ។
ជាក់ស្តែងលំនៅឋានដែលលោកមេទាហានកំពុងតែសាងសង់រាល់ថ្ងៃនេះនៅចំណុចស្ពានកំពង់ខ្សាច់ ស្ថិតនៅក្នុងភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
តាមប្រភពបានបង្ហើបឱ្យដឹងថា លំនៅឋានដែលកំពុងធ្វើសាងសង់នេះ ជារបស់មេទាហានឈ្មោះ មឿន សាម៉ន (ហៅ ខា) រស់នៅក្នុងខេត្តព្រៃវែងតែម្តង។ ការសាងសង់នេះយូរមកហើយ កន្លងមកចាប់ផ្តើមសាងសង់ប្រជាពលរដ្ឋ បានរាយការណ៍ទៅអាជ្ញាធរ និងជំនាញ មានការផ្ទុះសារាយម្តងរួចមកហើយ ហើយគេបានឃើញផ្អាកសកម្មភាពម្តង។ ប៉ុន្តែថ្មីៗនេះ ស្រាប់តែលោកមេទាហានរូបនោះបានបញ្ជារឱ្យជាងធ្វើការសាងសង់បន្តទៀត ហាក់បីដូចជាមិនខ្លាចញញើតច្បាប់ទាល់តែសោះ។ ទង្វើរខាងលើរបស់លោកមេទាហានឈ្មោះមឿន សាម៉ន(ហៅ ខា) នេះជាអ្នកចេះច្បាប់ប៉ុន្តែបែរជាមិនគោរពច្បាប់ ហើយយកច្បាប់មកជាន់ពន្លិចទៅវិញក៏ព្រោះតែ មេទាហានឈ្មោះ មឿន សាម៉ន(ហៅ ខា)នេះបានសាងសង់លំនៅឋានរំលោភបំពានដៃព្រែក ដែលជាសម្បត្តិធនធាន ធម្មជាតិរបស់រដ្ឋទៅវិញ។
ប្រភពពីប្រជាពលរដ្ឋបង្ហើបបន្តទៀតថាឈ្មោះ មឿន សាម៉ន (ហៅ ខា)នេះ តែងតែប្រើអំណាចរំលោភបំពានយកដីរបស់រដ្ឋ ជាក់ស្តែងដូចជាការសាងសង់លំនៅឋានលើដៃព្រែកនេះជាដើម ហើយយកលេសថា សាងសង់ធ្វើស្នាក់ការយាម២៤ម៉ោងសម្រាប់ការពារសន្តិសុខសណ្តាប់ធ្នាប់ ហើយសំណង់នេះនៅមិនឆ្ងាយពីសាលាស្រុកពោធិរៀងនោះទេ ហើយនៅលើផ្លូវដែលធ្វើដំណើរឆ្លងកាត់ទៅសាលាខេត្តព្រៃវែងថែមទៀតផង។
ប្រជាពលរដ្ឋ មានការងឿងឆ្ងល់ថាតើការសាងសង់ស្នាក់ការយាមកាមរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ម៉េចក៏លោក មឿន សាម៉ន(ហៅ ខា) មិនសុំច្បាប់ទម្លាប់ត្រឹមត្រូវ បែរជាមកសាងសង់រំលោភបំពានមិនឱ្យអាជ្ញាធរ និងជំនាញពាក់ព័ន្ធដឹងទៅវិញ។ ទង្វើររបស់លោកនាយទាហានឈ្មោះ មឿន សាម៉ន (ហៅខា)ធ្វើបែបនេះទើបប្រជាពលរដ្ឋ ដាក់ការសង្ស័យថាលោក ប្រើអំណាចរំលោភបំពានយកដៃព្រែកដែលជាកន្លែងហាមឃាត់ និងជាសម្បត្តិធនធាន ធម្មជាតិ ពលរដ្ឋ ខ្លាចក្រែងលោកនាយទាហានមិនសាងសង់ធ្វើស្នាក់ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋបែរជាយកធ្វើជាសម្បត្តិផ្ទាល់ខ្លួននោះ។ ពលរដ្ឋ ធ្វើការសំណូមពរដល់អាជ្ញាធរ ឃុំ ស្រុក ខេត្ត និងជំនាញពាក់ព័ន្ធមេត្តាជួយអន្តរាគមន៍ចុះពិនិត្យ និងទប់ស្កាត់ទង្វើររបស់លោកមឿន សាម៉ន (ហៅ ខា)នេះផងទាន។
ពាក់ព័ន្ធនិងការលើកឡើងរបស់ប្រជាពលរដ្ឋ ខាងលើនេះដែរនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកយកព័ព៌មានយើងបានទូរស័ព្ទទៅលោក ពូរ័ត្ន មេឃុំព្រៃកន្លោង បាននិយាយឱ្យដឹងថាលោកមិនបានដឹងរឿងនេះដែរ ព្រោះការសាងសង់លំនៅឋាននេះគេមិនបានប្រាប់គាត់ឲ្យដឹងនោះទេ ពេលគាត់ធ្វើដំណើរតាមផ្លូវក៏ឃើញបានចុះទៅសួរនាំ ទើបដឹងថាមានមេទាហានម្នាក់នៅខេត្តព្រៃវែងឈ្មោះ មឿន សាម៉ន (ហៅ ខា) គាត់ថាធ្វើកន្លែងស្នាក់ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ មានទាហាន ប៉ូលីស មកយាមកាមរក្សាសន្តិសុខជូនពលរដ្ឋ។
លោកមេឃុំបានបន្តទៀតថា បើលោក មឿន សាម៉ន(ហៅ ខា)ធ្វើស្នាក់ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់មែនលោកមានការសប្បាយចិត្តខ្លាំងណាស់ ប៉ុន្តែបើលោកមឿន សាម៉ន ធ្វើលំនៅឋាននោះលោកមិនអនុញ្ញាតិ ឬចុះហត្ថលេខាឡើយ។ ចំណែកឯលោក ឃុត សុគឿន ប្រធានមន្ទីរធនធានទឹកខេត្តលោកថា មិនបានដឹងរឿងក្នុងការសាងសង់សំណង់លំនៅឋាននៅដៃព្រែកនោះដែរ។
លោកបានបន្តទៀតថា បើមានការសាងសង់សំណង់លំនៅឋាននៅក្នុងដៃព្រែកមែននោះមិនជាប់ពាក់ព័ន្ធនិងជំនាញលោកនោះឡើយ សុំសួរទៅខាងសូរិយោដីនិងអាជ្ញាធរឃុំ/ស្រុក ទៅទើបបានដឹងច្បាស់!ខ្ញុំនឹងឱ្យកម្លាំងខ្ញុំចុះទៅពិនិត្យមើល សូមអរគុណដែលបងបានទំនាក់ទំនងមកសួរខ្ញុំមុន។
ជាមួយគ្នានេះដែរ លោក យស់ ស៊ីណាត អភិបាលស្រុកពោធិរៀង បាននិយាយឱ្យដឹងថាលោកមិនបានដឹង និងជ្រាបរឿង គេសាងសង់លំនៅឋាន នៅដៃព្រែកនេះទេ! ហើយក៏មិនបានឃើញដែរ តែមានគេរាយការណ៍មកខ្ញុំឥឡូវខ្ញុំឱ្យមេឃុំចុះទៅពិនិត្យមើលហើយ។
ចំណែកឯលោក អេង ផេងអាន ប្រធានមន្ទីរសូរយោដីខេត្តព្រៃវែង ភ្នាក់ងារយើងបានទំនាក់ទំនងតាមប្រព័ន្ធលេខទូរសព្ទ ០៩៧៤៧៤៧១៤៧ ចូលតែមិនមានទទួល។
ប្រជាពលរដ្ឋបានលើកឡើងថា អាជ្ញាធរនិងជំនាញពាក់ព័ន្ធបានឆ្លើយថាមិនដឹងនោះគឺជាលេះដោះសារឲ្យរួចតែពីមាត់ ព្រោះការសាងសង់លំនៅឋាននេះមិនមែនសាងសង់តែមួយថ្ងៃឬពីរថ្ងៃនោះទេហើយក៏មិនម៉ែនសាងសង់នៅកណ្ដាលព្រៃស្ងាត់ដែលមិនអាចមើលមិនឃើញនោះដែរ ចំណុចត្រង់នេះហើយដែលពួកគាត់ដាក់ការសង្ស័យថាអាជ្ញាធរនិងជំនាញពាក់ព័ន្ធបានឃុបឃិតគ្នាជាប្រព័ន្ធ។
សូមបញ្ជាក់ថាបើយោងតាមលិខិតលេខ ៥២០ ដនស / នក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ចុះហត្ថលេខាដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរុបនីយកម្មនិងសំណង់ បានជំរាបជូនអភិបាលនៃគណះអភិបាល រាជធានី ខេត្តក្រុង ដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់មិនអនុញ្ញាតឲ្យការដ្ឋានសំណង់ចាប់ផ្តើមដំណើរការសាងសង់ ឬរុះរើដោយគ្មានប្លង់ស្ថាបត្យកម្មនិងប្លង់គ្រឿងផ្គុំសំណង់ ដែលទទួលបានការយល់ព្រមពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។
ពាក់ព័ន្ធនឹងការលើកឡើងពីប្រជាពលរដ្ឋខាងលើនេះដែរ អង្គភាពសារព័ត៌មានយើងមិនអាចរកប្រភពណាមួយសុំការបកស្រាយពីមេទាហានឈ្មោះ មឿន សាម៉ន (ហៅ ខា) បានទេ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរនាំពាក្យសម្ដីរបស់ប្រជាពលរដ្ឋដែលគាត់បានលើកឡើងពាក់ព័ន្ធនឹងការសាងសង់លំនៅឋាននូវជាប់ដៃព្រែកខាងលើនេះជូនទៅរដ្ឋាភិបាល និងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗ លោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានបេសកកម្មនិងកាតព្វកិច្ចចុះមកធ្វើការនិងការពាផងដែរមិនមែនមកធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេករបៀបនេះនោះទេ។
អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីអាជ្ញាធរនិងជំនាញពាក់ពន្ធ័និងសាមីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូមអរគុណ៕