(ខេត្តកណ្តាល)៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលឃុំទាំងអស់ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវចុះល្បាតនៅក្នុងភូមិសាស្ត្ររបស់ខ្លួនជាប្រចាំ សំដៅបង្ការ បង្ក្រាបរាល់បទល្មើសនានាដែលកើតមានឡើងនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។
ថ្លៃនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ លោក ឡូវ សុខសាន អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ បានស្នើដល់កងកម្លាំងមានសមត្ថកិច្ច មេឃុំទាំង៨ ទូទាំងស្រុកកៀនស្វាយ ត្រូវជំរុញឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលឃុំទាំងអស់ ត្រូវចុះល្បាតនៅក្នុងភូមិសាស្ត្ររបស់ខ្លួនជាប្រចាំ សំដៅបង្ការ បង្ក្រាបរាល់បទល្មើសនានាដែលកើតមានឡើងនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។
លោកអភិបាលស្រុកកៀនស្វាយ បន្ថែមថា ការចុះល្បាតជាប្រចាំរបស់កម្លាំងមានសមត្ថកិច្ច បានធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ ហើយបទល្មើសមួយចំនួន ក៏ដូចជាល្បែងស៊ីសងខុសច្បាប់ មិនហ៊ានប្រព្រឹត្តឡើយ ក៏ព្រោះតែកងកម្លាំងមានសមត្ថកិច្ចមានការចុះល្បាតជាប្រចាំដូច្នេះ។
លោកបន្តថា ការចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន គឺរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់បានជាអតិបរមានូវ បទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង បទល្មើសនេសាទ និងបញ្ហាគ្រឿងញៀន ក្មេងទំនើង និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវលក្ខណៈសម្បត្តិទាំង ៧ យ៉ាង របស់គោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”ផងដែរ។
ទន្ទឹមនឹងនោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងស្រុកកៀនស្វាយក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ពាក់ព័ន្ធបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ លោកអភិបាលស្រុក បានស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ និងអ្នកដែលកំពុងប្រើប្រាស់ផ្លូវសាធារណៈ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ដោយបើកបរត្រូវចេះយល់អធ្យាស្រ័យឱ្យគ្នា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ឱ្យបានខ្ពស់បំផុត៕