នៅល្ងាចថ្ងៃសៅរ៍ ៨រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនអ្នកសារព័ត៌មានប៉ុន្មានជិត 5,000 នាក់ នៅសាលពិព័ណ៌កោះពេជ្រ ពិធីនេះឡើងវិញ បន្ទាប់ពីមានការអាក់ខានរយៈពេលបីឆ្នាំដោយសារជំងឺកូវីដ-១៩។
ជំនួបអាហារសាមគ្គីនៅឆ្នាំនេះ ធ្វើឡើងក៏ចំពេលខួប៣៨ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ។
ក្រៅពីអ្នកព័ត៌មានហើយនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល អភិបាលរាជធានី ខេត្ត មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធលើវិស័យសារព័ត៌មាន ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីនេះផងដែរ។
ជំនួបនេះធ្វើឡើងដោយ បើកទូលាយ ពោលអ្នកព័ត៌មានកំពុងបម្រើការងារនៅក្នុងប្រទេស កម្ពុជាទាំងជាតិ និងអន្តរជាតិ សុទ្ធតែត្រូវបាន អនុញ្ញាតឱ្យចូលរួម ដោយមិនមានប្រកាន់អ្នកសារព័ត៌មានមកពីស្ថាប័នគាំទ្រ ឬមិនគាំទ្ររាជរដ្ឋាភិបាលនោះឡើយ៕