ខេត្តក្រចេះ៖ ឈើល្មើសច្បាប់ជាច្រើនសម្លឹកត្រូវបានក្រុមឈ្មួញដឹកយកមកលាក់ទុកនៅចំណុចជប់ក្បែរដែនជម្រកបរិស្ថានកំពួតគយ ត្រូវបានកម្លាំងចម្រុះសហការចុះបង្ក្រាបនិងរឹបអូសយកមករក្សាទុក។
ប្រតិបត្តិការចុះបង្ក្រាបឈើគ្មានច្បាប់ខាងលើនេះធ្វើឡើងនៅវេលាម៉ោង៥និង៤៥នាទីល្ងាច ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ នៅចំណុចជប់ក្បែរដែនជម្រកបរិស្ថានកំពួតគយ ស្ថិតននៅក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
ក្នុងប្រតិបត្តិការចុះបង្ក្រាបឈើល្មើច្បាប់ខាងលើនោះមានកម្លាំងប៉េអឹមលើផ្ទៃប្រទេស កម្លាំងប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង កម្លាំងប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តនិងកម្លាំងបរិស្ថាន ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានក្រុមឈ្មួញឈើបានធ្វើការដឹកជញ្ជូនឈើមកទំលាក់ទុកនៅចំណុចជប់ក្បែរដែនជម្រកបរិស្ថានកំពួតគយ ហើយនឹងដឹកជញ្ជូនតាមរថយន្តបន្តចេញទៅវិញស្ទើរតែរៀងរាល់យប់។
ក្រោយពីកម្លាំងចម្រុះចុះត្រួតពិនិត្យឈើទាំងនេះត្រូវបានដឹងថា ជាប្រភេទឈើលេខ ០២ ដែលមានមុខកាត់ ៥គុណនិង១៥ ប្រវែង ៧ម៉ែត្រ ៨ម៉ែត្រដែលមានចំនួនសរុប ១៤២ សន្លឹកនិងក្តារបន្ទះប្រវែង ៤ម៉ែត្រមានចំនួន ១១៥សន្លឹក។