(កំពត)៖ រសៀលថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០២៣ កម្មវិធីបិទការប្រកួតបាល់ទាត់ ពានរង្វាន់សមាគមរាជសីហ៍ខេត្តកំពត អបអរខួបលើកទី៤៤ ទិវាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩-៧មករា ឆ្នាំ២០២៣ ទទួលបានការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងឯកឩត្តម ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ ឯកឧត្តម លោក-លោកស្រី ថ្នាក់ដឹកនាំសំខាន់ៗនៃសមាគមរាជសីហ៍ស្នាក់ការកណ្តាល និងសាខាតាម។
បន្ថែមពីនេះ ក៏បានការអញ្ជើញចូលរួមផ្តល់កិត្តិយសសំខាន់ៗពីសំណាក់៖
– ឯកឧត្តម លី សារី សមាជិក ព្រឹទ្ធសភា មណ្ឌលភូមិភាគ៥ និងជាគណៈកម្មការទី៣ នៃព្រឹទ្ធសភា
– ឯកឧត្តមឧត្តមសេនីយ៍ទោ ឡា ឡៃ សមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា
– ឯកឧត្តម សាន់ សូឡៃម៉ាន សមាជិកក្រុមប្រឹក្សាខេត្តកំពត
– លោកហាជ្ជី អ៊ីត ហ៊ីម ប្រធានគណៈអ៊ីម៉ាំខេត្តកំពត
– លោក សូ ភារិទ្ធ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត
លោក ឈឹម ម៉ៅ ប្រធានសមាគមរាជសីហ៍ សាខាខេត្តកំពត បានថ្លែងអោយដឹងថា គោលបំណងរៀបចំការប្រកួតបាល់ទាត់នេះឡើងគឺ ដើម្បីជំរុញវិស័យកីឡាខេត្តកំពត បណ្តុះគំនិតអោយយុវជនស្រលាញ់កីឡា ជៀសឆ្ងាយពីគ្រឿងញៀន ឬអំពើអបាយមុខផ្សេងៗដែលបំផ្លាញដល់សង្គម។
ឯកឧត្តម លី សារី សមាជិក ព្រឹទ្ធសភា មណ្ឌលភូមិភាគ៥ បានផ្តាំផ្ញើដល់យុវជន អោយខិតខំរៀនសូត្រ និងលេងកីឡា ដើម្បីសុខភាព និងចូលរួមជួយដល់កិច្ចការសង្គមជាតិ។
ជាចុងក្រោយ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បង្ហាញចំណាប់អារម្មណ៍ពេញចិត្តយ៉ាងខ្លាំងចំពោះការបង្កើតព្រឹត្តិការណ៍នេះឡើង ដែលស្របទៅនឹងគោលដៅរបស់សមាគមរាជសីហ៍ និងសូមអរគុណដល់គណៈធិបតី ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមកីឡាករទាំង៦ក្រុម គ្រូបង្វឹក អាជ្ញាកណ្តាល ក្រុមគ្រូពេទ្យ អាជ្ញាធរសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋដែលបានជួយសហការ គាំទ្រអោយព្រឹត្តិការណ៍នេះ ប្រកបដោយភាពជោគជ័យ និងភាពសប្បាយរីករាយជាគ្រួសាររាជសីហ៍តែមួយ។